
ដើរពីបន្ទប់ក្រោមដីមួយទៅកាន់បន្ទប់ក្រោមដីមួយទៀតពោពេញដោយភក់ ដើម្បីការពារការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីនៅក្នុងសង្រ្គាមរយៈពេលជិត ៤ឆ្នាំនេះ ទាហានហត់នឿយអ៊ុយក្រែន និយាយថា ទឹកចិត្តប្រយុទ្ធរបស់ពួកគេ គឺកើតឡើងដោយសារការពារមាតុភូមិរបស់ពួកគេ ។
ប៉ុន្តែស្របពេលដែលក្រុមចរចាព្យាយាមសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនោះ ទាហានអ៊ុយក្រែន មានជំនឿផងដែថា រុស្ស៊ីនៅតែតាំងចិត្តប្រយុទ្ធជាមួយអ៊ុយក្រែន មិនថាឥឡូវនេះ ឬរយៈប៉ុន្មានឆ្នាំទៀតនោះទេ មិនសំខាន់ថា កិច្ចព្រមព្រៀងសន្តិភាពបែបណាឈានដល់នោះទេ ។
ពួកគេនិយាយផងដែរថា ទីក្រុងគីវ ត្រូវតែរក្សាកម្លាំងយោធា ដើម្បីការពារតំបន់ជួរមុខប្រវែង ១.៣០០គ.មរបស់ពួគគេ ។
ទាហានបាញ់កាំភ្លើងធំវ័យ ៤០ឆ្នាំម្នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APនៅជិតព្រំដែនរវាងតំបន់ Dnipropetrovsk និងតំបន់ Donetsk ថា បច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនស្ថិតក្នុងរនាំងសំខាន់រវាងជីវិតជនស៊ីវិលដ៏សុខសាន្តរបស់អ៊ុយក្រែន និងប្រទេសជិតខាងដ៏អាក្រក់របស់ពួកយើង ។
ទាហានអ៊ុយក្រែនទាំងនេះ បានបង្ហាញភាពពុំប្រាកដប្រជារបស់ពួកគេថា ទីក្រុងមូស្គូមិនអាចទុកចិត្តបានឡើយថា ពួកគេនឹងគោរពកិច្ចព្រមព្រៀងសន្តិភាពនោះ ។
បើគ្មានការធានាសន្តិសុខដូចជាសមាជិកភាពអង្គការណាតូសម្រាប់អ៊ុយក្រែនទេនោះ ពួកគេ និងក្រុមអ្នកវិភាគយោធា មានជំនឿថា ការវាយលុកថ្មីរបស់រុស្ស៊ី ដោយប្រើប្រាស់ទាហានថ្មី និងគ្រឿងយុទ្ធោបករណ៍ថ្មី មិនអាចចៀសរួចនោះទេ ៕