យោងតាមជំនួយការជាន់ខ្ពស់របស់លោក Vladimir Putin រុស្ស៊ី និងសហរដ្ឋអាមេរិក ពុំបានសម្រេចបានវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេទេ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី បានចេញការគំរាមថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមជាមួយអឺរ៉ុប។

នៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ជំនួយការវិមានក្រឹមឡាំងលោកYuri Ushakovនិយាយថា បន្ទាប់ពីកិច្ចប្រជុំរយៈពេលប្រាំម៉ោងជាមួយលោក Steve Witkoff បេសកជនរបស់លោក Trump និងលោក Jared Kushner កូនប្រសាររបស់លោក Trump ភាគីទាំងពីរពុំបានឈានទៅមុខ ឬខិតជិតដល់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេ។ មានការងារជាច្រើនដែលត្រូវធ្វើ។ ដោយហៅកិច្ចប្រជុំនេះថា មានប្រយោជន៍ ស្ថាបនា និងមានព័ត៌មានគ្រប់គ្រាន់ យ៉ាងណាលោក Ushakovថាភាគីទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗនៅឡើយទេ រួមទាំងខ្សែបន្ទាត់នៃការគ្រប់គ្រងទឹកដីដែលអាចកើតមានក្នុងកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Ushakov និយាយអំពីផែនការសន្តិភាពដែលបង្ហាញដោយភាគីសហរដ្ឋអាមេរិកថា ពួកលោកពុំបានពិភាក្សាសំណើជាក់លាក់របស់អាមេរិកទេ ប៉ុន្តែបានពិភាក្សាអំពីខ្លឹមសារនៃអ្វីដែលត្រូវបានបង្កប់នៅក្នុងឯកសារអាមេរិកទាំងនេះ។ពួកលោកអាចយល់ស្របជាមួយបញ្ហាខ្លះ ហើយប្រធានាធិបតីក៏មិនបានលាក់បាំងអាកប្បកិរិយារិះគន់ និងសូម្បីតែអវិជ្ជមានរបស់ពួកលោកចំពោះសំណើមួយចំនួនដែរ។លោកថា ទិដ្ឋភាពមួយចំនួននៃការចរចានឹងមិនត្រូវបានបង្ហាញទេ ហើយលោកបានបង្ហាញថា កិច្ចប្រជុំកំពូលមួយផ្សេងទៀតរវាងលោក Trump និងលោក Putin នឹងមិនកើតឡើងឆាប់ៗនេះទេ។សម្ដីរបស់លោក Ushakov គឺជាការសន្និដ្ឋានដ៏គួរឱ្យខកចិត្តចំពោះកិច្ចចរចាដែលរដ្ឋបាលលោក Trump បានលើកឡើងថា អាចបង្កើតក្របខ័ណ្ឌមួយដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕

