ជំរំរដូវក្តៅនៅរដ្ឋតិចសាស់សម្រាប់ក្មេងស្រី ជាកន្លែងដែលអ្នកបោះជំរំចំនួន២៧នាក់បានស្លាប់ដោយទឹកជំនន់ដ៏គំហុកកាលពីថ្ងៃទី ៤ ខែកក្កដា បានប្រកាសពីផែនការបើកឡើងវិញនៅខែឧសភា នៅទីតាំងក្បែរនោះដោយមានវិធានការសុវត្ថិភាពកាន់តែប្រសើរ ទោះបីជាមានការរិះគន់កាលពីពេលមុនពីគ្រួសារមួយដែលកូនស្រីរបស់ពួកគាត់នៅតែមិនទាន់រកឃើញនៅឡើយ។

ជំរំ Camp Mystic មានអាយុកាលមួយសតវត្សរ៍ នៅតែបិទបន្ទាប់ពីក្មេងស្រីច្រើននាក់បានស្លាប់នៅពេលដែលទឹកជំនន់បានហូរកាត់នៅលើច្រាំងទន្លេ Guadalupe មុនពេលថ្ងៃរះបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។ ជំរំនេះបានប្រកាសកាលពីថ្ងៃអង្គារពីផែនការបើកឡើងវិញនៅចុងខែឧសភា និងដំណើរការរហូតដល់ដើមខែសីហាសម្រាប់រយៈពេលប្រាំមួយអាណត្តិ ដែលនីមួយៗមានរយៈពេល ១០ ថ្ងៃ។

សេចក្តីថ្លែងការណ៍និយាយថា «យើងកំពុងត្រៀមសម្រាប់រដូវក្តៅបន្ទាប់ នៅជំរំ Mystic Cypress Lake ហើយយើងដឹងថាសុវត្ថិភាពគឺជាក្តីបារម្ភបំផុតសម្រាប់អ្នកទាំងអស់គ្នា ខណៈវាបានកើតឡើងចំពោះយើងផងដែរ»។ ទីតាំងនេះត្រូវបានរំពឹងថានឹងទទួលអ្នកបោះជំរំក្នុងចម្ងាយប្រហែល ៥០០ យ៉ាត (០,៥ គីឡូម៉ែត្រ) ពីទីតាំងដែលត្រូវបានបំផ្លាញដោយទឹកជំនន់កាលពីថ្ងៃទី ៤ ខែកក្កដា។
ប្រព័ន្ធសុវត្ថិភាពថ្មីរួមមានឧបករណ៍តាមដានទឹកទន្លេដែលព្រមានពីទឹកជំនន់ ឧបករណ៍បំពងសម្លេង និងម៉ាស៊ីនភ្លើងដែលមានសមត្ថភាពខ្ពស់ជាងមុន ដែលនឹងជួយរក្សាទំនាក់ទំនងជាមួយបុគ្គលិកសង្គ្រោះបន្ទាន់ក្នុងករណីមានគ្រោះអាសន្ន។ ផែនការបើកជំរំឡើងវិញ ដែលបានប្រកាសជាលើកដំបូងនៅក្នុងខែកញ្ញា បានធ្វើឲ្យមានការរិះគន់ពីឪពុកម្តាយរបស់ជនរងគ្រោះម្នាក់ឈ្មោះ Cile Steward ជាកូនតែម្នាក់គត់ ដែលនៅតែបាត់ខ្លួនក្រោយទឹកជំនន់។