សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជន បានទទួលយកជនមានពិការភាព ចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារ ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងាររបស់ពួកគេ។

តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយក ជនមានពិការភាពចូលបម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ដោយឡែក វិស័យឯកជនវិញ រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤៥២៧នាក់។
ក្នុងសារលិខិតខាងលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ហេតុនេះសរុបទាំង ក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួល យកជនមានពិការភាពតាមអត្រាកំណត់ នៃច្បាប់សរុបចំនួន១៤៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបានប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន»។
សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះ ស្ត្រី ចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណ តាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥នាក់ផងដែរ៕អត្ថបទបានចក់