នគរបាលបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវដ៏ខ្លាំងក្លាមួយ ដែលកំណត់គោលដៅទៅលើរថយន្តនគរបាល មួយគ្រឿង បានបណ្តាលឲ្យមន្ត្រីបីនាក់ស្លាប់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធនេះ ដែលជាការវាយប្រហារលើកទី៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
មន្ត្រីនគរបាលលោក Sajjad Khan បាននិយាយថា ការផ្ទុះនេះ បានកើតឡើងនៅ Dera Ismail Khan ដែលជាស្រុកមួយក្នុងខេត្ត Khyber Pakhtunkhwa ជិតព្រំដែនអាហ្វហ្គានីស្ថាន។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយគ្រាន់តែនិយាយថា ការស៊ើបអង្កេត កំពុងដំណើរការ។

ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានស្តីបន្ទោសក្រុមតាលីបង់ប៉ាគីស្ថានចំពោះការវាយប្រហារនេះ។
ក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ថា Tehrik-e-Taliban Pakistan (TTP) គឺដាច់ដោយឡែកពីរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន ប៉ុន្តែមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលនេះ។ ក្រុមនេះ បានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងសន្តិសុខ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រទេសប៉ាគីស្ថាន បានឃើញការកើនឡើងជាលំដាប់នៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ ដែលធ្វើឲ្យភាពតានតឹងជាមួយអាហ្វហ្គានីស្ថាន កាន់តែធ្ងន់ធ្ងរឡើង។ ទីក្រុងកាប៊ុល បានចោទប្រកាន់ក្រុមតាលីបង់ប៉ាគីស្ថានថា បានប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានជាជម្រកសុវត្ថិភាព ចាប់តាំងពីក្រុមតាលីបង់វិលត្រឡប់មកគ្រប់គ្រងវិញ ក្នុងឆ្នាំ ២០២១៕
