វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី៣ ខែធ្នូ) នេះ បានឲ្យដឹងថា លោកប្រធានាធិបតី Vladimir Putin បានទទួលយកសំណើរមួយចំនួនរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន តែបានច្រានចោលផ្សេងទៀត ហើយថា ប្រទេសរុស្ស៊ីបានត្រៀមរួចជាស្រេច ដើម្បីជួបជាមួយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក ប៉ុន្មានដងក៏បានតាមដែលត្រូវការ ដើម្បីបានឈានដល់កិច្ចព្រមព្រៀងមួយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងមូស្គូ រវាងលោក Putin និងបេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងកូនប្រសាលោក គឺលោក Jared Kushner បានឈានចូលព្រឹកព្រលឹមថ្ងៃពុធ ដោយជំនួយការរបស់វិមានក្រឹមឡាំង បានបញ្ជាក់បន្ទាប់ពីនោះថា «ការសម្របសម្រួលមិនទាន់ត្រូវបានរកឃើញនៅឡើយទេ»។

លោក Peskov បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធថា វានឹងជាការកំហុសឆ្គង ក្នុងការនិយាយថា លោក Putin បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ដោយបានកត់សម្គាល់ថា កិច្ចប្រជុំនេះ គឺជាការផ្លាស់ប្តូរយោបល់ទល់មុខគ្នាជាលើកដំបូង។
លោក Peskov បានបន្ថែមថា លោក Putin បានទទួលយកសំណើមួយចំនួន ហើយបានច្រានចោលសំណើផ្សេងទៀត ជាអ្វីដែលជាដំណើរការចរចាធម្មតា៕
