កាលពីថ្ងៃពុធ ទី៣ ខែធ្នូ ប្រទេសអាល្លឺម៉ង់បានក្លាយជាប្រទេសនៅអឺរ៉ុបដំបូងគេដែលដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសArrow ដែលត្រូវបានដំឡើងដើម្បីស្ទាក់ចាប់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមដូចជា Oreshnik របស់រុស្ស៊ី ខណៈអាល្លឺម៉ងកំពុងស្វែងរកការទប់ទល់នឹងអ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ទីក្រុងមូស្គូ។

ដោយដំណើរការនៅរយៈកម្ពស់លើសពី១០០គីឡូម៉ែត្រនៅខាងក្រៅបរិយាកាសផែនដី និងមានរយៈចម្ងាយ២.៤០០គីឡូម៉ែត្រ ប្រព័ន្ធArrow ដែលនៅនឹងកន្លែងបំពេញបន្ថែមដល់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយជិតដូចជាប៉ាទ្រីយ៉ូត(Patriot) និង IRIS-T ដែលត្រូវបានដំឡើងនៅលើរថយន្ត។

យោងតាមក្រុមហ៊ុន IAI បានឲ្យដឹងថា ប្រទេសមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញបច្ចេកវិទ្យានេះចាប់តាំងពីប្រព័ន្ធ Arrow បានជួយទប់ស្កាត់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលកាលពីខែមេសា និងខែតុលា ឆ្នាំ២០២៤។
ក្នុងពិធីមួយត្រូវបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសនៅភាគខាងត្បូងទីក្រុងប៊ែរឡាំង អធិការនៃកងទ័ពអាកាសអាល្លឺម៉ង់ លោកHolger Neumann បាននិយាយថាប្រព័ន្ធនេះមានសារៈសំខាន់សម្រាប់ទាំងអាល្លឺម៉ង់ និងអង្គការ NATO។