រដ្ឋមន្ត្រីការបរទេសNATO បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកកាលពីថ្ងៃពុធ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។ អគ្គលេខាធិការលោក Mark Rutte បាននិយាយថា សម្ព័ន្ធនេះ «មិនទៅណាទេ»។ រដ្ឋមន្ត្រីNATO «ស្វាគមន៍យ៉ាងខ្លាំង» ចំពោះដំណើរការសន្តិភាពដែលកំពុងត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លោកបាននិយាយបន្ថែមថា ភាពជោគជ័យនៃផែនការពុំទាន់ត្រូវបានទទួលនៅឡើយ។
លោក Rutte បាននិយាយថា «នេះ មានសារៈសំខាន់សម្រាប់ការដោះស្រាយជម្លោះ ហើយយើងគាំទ្រសហរដ្ឋអាមេរិកក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ។ ខណៈការចរចាបន្តទៅមុខ យើងមិនអាចស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះអ៊ុយក្រែនបានទេ»។

លោកបានសង្កត់ធ្ងន់ថា សម្ពាធបន្ថែមទៀតលើរុស្ស៊ីគឺត្រូវការជាចាំបាច់ ហើយNATO នឹងពន្លឿនគំនិតផ្តួចផ្តើមមួយដែលអនុញ្ញាតឱ្យប្រទេសនានាទិញសព្វាវុធអាមេរិកសម្រាប់អ៊ុយក្រែន។ លោកបាននិយាយថា អូស្ត្រាលី និងនូវែលសេឡង់ ដែលពុំមែនជាសមាជិកណាតូ នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានចូលរួមក្នុងកិច្ចពិភាក្សា និងបានផ្តល់ការសង្ខេបអំពីការវិវត្តនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព។ លោកនិយាយថា ក្រុមរបស់លោកបានទាក់ទងជាមួយបេសកជនពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff អំពីលទ្ធផលនៃជំនួបនៅប្រទេសរុស្ស៊ី។
លោក Sybiha បាននិយាយថា «អ្វីដែលអ្នកតំណាងគណៈប្រតិភូអាមេរិកបានរាយការណ៍នោះគឺថា នៅក្នុងការវាយតម្លៃរបស់ពួកគេ កិច្ចពិភាក្សានៅទីក្រុងមូស្គូមានសារៈសំខាន់ជាវិជ្ជមានសម្រាប់ដំណើរការសន្តិភាព»។
