នៅក្នុងបរិការណ៍ដែលកំពុងមានការគាំទ្រផលិតក្នុងស្រុក មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅដល់អាជីវករ ក្រុមហ៊ុន សហគ្រាស សូមប្រកាន់ខ្ជាប់ទៅលើភាពស្មោះត្រង់ក្នុងការប្រកបអាជីវកម្ម ពិសេសគោលការណ៍សុច្ចរិតភាព។
ក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ដើម្បីរក្សាបានកេរ្តិ៍ឈ្មោះ ពាណិជ្ជនាម និងការគាំទ្រពីអ្នកប្រើប្រាស់ អាជីវករ ក្រុមហ៊ុន សហគ្រាស គួរណាស់ក្នុងការផ្តល់ភាពស្មោះត្រង់ត្រឡប់ទៅវិញ ទាំងការផ្តល់សេវាកម្ម ការលក់ដូរ និងគោលការណ៍សុច្ចរិតភាព និងសច្ចភាពចៀសវាងជាកំហិត និងលុបបំបាត់ឱ្យខានតែបាននូវការក្លែងបន្លំគុណភាព និងប្រភពជាដើម។
ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនជំរុញការផលិត ដោយគិតគូរអំពីគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្តង់ដារ ដើម្បីទទួលបានការគាំទ្រនៅលើទីផ្សារក្នុងស្រុក និងជាជំហានៗ ឈានទៅរកការនាំចេញ និងម្យ៉ាងទៀតសូមពិចារណាពង្រីកមូលដ្ឋានផលិតកម្មឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នផងដែរ។
នៅក្នុងព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដែលជានិច្ចកាលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចរចាពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងរុញច្រាន កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមរយៈបង្កើនការនាំចេញ និងជំរុញវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា គិតក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក យោងតាម
ទិន្នន័យការអនុម័តគម្រោងវិនិយោគនៅកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តគម្រោងវិនិយោគលើសពី ៦០០គម្រោង ខណៈគិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៤០០ ពាន់កន្លែង៕
អត្ថបទ៖ ឈិត បូរ៉ាវី




