សារព័ត៌មាន New York Times បានរាយការណ៍នៅសប្តាហ៍នេះថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កំពុងអនុវត្តនីតិវិធីសន្តិសុខយ៉ាងតឹងរ៉ឹង ក្នុងនោះរួមទាំងការផ្លាស់ប្តូរជាប្រចាំនូវទីតាំងសម្រាកនាពេលយប់ និងទូរសព្ទដៃរបស់លោកផងដែរ ដោយសារតែភ័យខ្លាចថា ត្រូវបានកំណត់គោលដៅដោយផ្ទាល់។
លោក Maduro ដែលជាអ្នករិះគន់ដោយឥតសំចៃ ចំពោះការបង្កើនកងកម្លាំងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅតំបន់ការ៉ាអ៊ីប ត្រូវបានរាយការណ៍ថា កំពុងចាត់វិធានការយ៉ាងទូលំទូលាយ ដើម្បីការពារខ្លួនពីលទ្ធភាពដែលអាចមានការវាយប្រហារដ៏ជាក់លាក់ ឬការវាយឆ្មក់របស់កងកម្លាំងពិសេស។

សហរដ្ឋអាមេរិក បានប្រមូលផ្ដុំនាវាចម្បាំង និងវាយប្រហារទូកដែលខ្លួនអះអាងថា បានរត់ពន្ធគ្រឿងញៀនពីប្រទេសវ៉េណេស៊ុយអេឡា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ដើម្បីកាត់បន្ថយលំហូរនៃគ្រឿងញៀនពីតំបន់អាមេរិកឡាទីន។ ហើយដោយមានបុគ្គលិកយោធាអាមេរិកជាង ១៥.០០០នាក់ឈរជើង ការបង្កើនកម្លាំងនេះគឺជាកម្រិតដ៏ច្រើនបំផុតនៅក្នុងតំបន់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញាមក ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៣នាក់ ដោយមិនផ្តល់ភស្តុតាង ដែលបញ្ជាក់ថា ពួកគេជាអ្នកជួញដូរគ្រឿងញៀន។ ក្រុមសិទ្ធិមនុស្សនិយាយថា ការវាយប្រហារនេះ គឺខុសច្បាប់ ដោយមិនពាក់ព័ន្ធថា តើគោលដៅនោះ ជាឧក្រិដ្ឋជន ឬក៏អត់នោះទេ។
ដោយសំអាងលើបុគ្គលជាច្រើនដែលស្និទ្ធនឹងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា សេចក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមថា ដោយគិតដល់ការគំរាមកំហែងដែលអាចកើតមានការវាយប្រហារ មេដឹកនាំវ៉េណេស៊ុយអេឡា ក៏បានបង្កើនតួនាទីអង្គរក្សទៅពីគុយបា នៅក្នុងសេចក្ដីលម្អិត អំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក និងបានជួលមន្ត្រីប្រឆាំងការចារកម្មពីគុយបាបន្ថែមទៀត នៅក្នុងយោធារបស់ប្រទេស៕

