ប្រភពការទូត នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) នេះ បានបង្ហើបឲ្យដឹងថា ទាំងជប៉ុន និងកូរ៉េខាងត្បូង កំពុងរៀបចំឲ្យមានទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅប្រទេសជប៉ុន នាពាក់កណ្តាលខែមករាឆ្នាំក្រោយ ដើម្បីបើកកិច្ចពិភាក្សាកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi។
ប្រសិនបើកើតឡើង ដំណើរទស្សនកិច្ចរបស់លោក Lee ដែលជាលើកទី១ ចាប់តាំងពីខែសីហា នឹងក្លាយជានិមិត្តរូបនៃភាពប្រសើរឡើងនាពេលថ្មីៗនេះ នៅក្នុងទំនាក់ទំនងទ្វេភាគី ដែលមានភាពរកាំរកូសជាយូរមកហើយ ជុំវិញបញ្ហាទាក់ទងនឹងប្រវត្តិសាស្ត្រ និងដែនដីសម័យសង្រ្គាម។

ជាមួយគ្នានេះ មេដឹកនាំទាំង២ ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីគោលនយោបាយនៃការបន្តរក្សាការប្រាស្រ័យទាក់ទងដ៏ជិតស្និទ្ធ តាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក និងការលើកកម្ពស់ទំនាក់ទំនង «ផ្ដោតលើអនាគត»។
គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំង២ បានជួបពិភាក្សាផ្ទាល់ជាលើកដំបូង កាលពីខែតុលា នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន នៅដើមខែនោះ។
លើសពីនោះទៀត ប្រភពបានបន្ថែមថា ការយកចិត្តទុកដាក់ក៏នឹងផ្តោតលើតួនាទីរបស់ទីក្រុងសេអ៊ូល ក្នុងការបន្ធូរបន្ថយការប្រឈមមុខគ្នា នៅពេលដែលលោក Lee បានបញ្ជាក់ថា កូរ៉េខាងត្បូងមានបំណងសម្រុះសម្រួល រវាងជប៉ុន និងចិន ជុំវិញការមានជម្លោះការទូតនាពេលថ្មីៗនេះ ដោយសារការលើកឡើងរបស់លោកស្រី Takaichi ដែលថា ប្រទេសរបស់លោកស្រី អាចឆ្លើយតប ប្រសិនបើកោះតៃវ៉ាន់រងការវាយប្រហារ៕
