នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃសុក្រនេះថា ឥណ្ឌាឈរខាងសន្តិភាព ហើយពិភពលោកគួរតែវិលត្រឡប់ទៅរកសន្តិភាពវិញ ដោយរូបលោកចង់សំដៅលើជម្លោះកំពុងបន្តនៅប្រទេសអ៊ុយក្រែន ។

លោក Putinស្ថិតនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌា ក្នុងរយៈពេល ៤ឆ្នាំ ពេលដែលទីក្រុងញូវដែល្លី ចូលរួមកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធដាក់ជូនដោយលោកប្រធានាធិបតី Donald Trump លើទំនិញរបស់ពួកគេ ជុំវិញបញ្ហាទិញប្រេងរុស្ស៊ីរបស់ឥណ្ឌា ។
មេដឹកនាំទាំង ២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបញ្ហាជាច្រើន អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Putin ជាមួយនឹងការផ្តោតសំខាន់លើកិច្ចព្រមព្រៀងការពារជាតិ និងភូមិសាស្រ្តនយោបាយ រួមទាំងយន្តហោះចម្បាំង និងប្រព័ន្ធការពារមីស៊ីល ។
សម្រាប់លោក Modi ដំណើរទស្សនកិច្ចនេះបង្ហាញពីសកម្មភាពតុល្យភាពដ៏លំបាក ពេលដែលរូបលោកប្រឈមនឹងសម្ពាធកើនឡើងពីរដ្ឋបាលរបស់លោក Trump ដើម្បីបង្រួមទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលជាមួយទីក្រុងមូស្គូ ៕
