នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។ ជាមួយគ្នានេះ សម្ដេចក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយទាំងភូមិជោគជ័យ និងព្រៃចាន់ ដែលបានផ្តល់នូវការជឿជាក់ ការគាំទ្រ និងផ្តល់សេចក្តីអត់ធ្មត់មកលើរាជរដ្ឋាភិបាលក្នុងការអនុវត្តតួនាទី និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍ បូរណភាពទឹកដី៕












