សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃ រដ្ឋសភាទាំងអស់ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ និងតែងនិពន្ធ ខណៈការបង្កើនបរិមាណស្នាដៃតែងនិពន្ធនេះ នឹងលើកកម្ពស់គុណភាព ព្រមទាំងពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើម នៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិជាតិជាដើម។
តាមរយៈសារលិខិតអបអរសាទរ ទិវាជាតិអ្នកនិពន្ធលើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេសគ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួមការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈដ្ឋានទូទៅ។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមទៀតថា «មកទល់បច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋនិង នវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងការបោះពុម្ពសៀវភៅសិក្សាគ្រប់ជំនាញ។ ទិសដៅជាអាទិភាពរបស់យើង គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹង និងលើកកម្ពស់គុណភាព ពង្រឹងក្រមសីលធម៌ និងអត្ថន័យអត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងតម្កល់ផលប្រយោជន៍សង្គមជាធំ»។
ក្នុងឱកាសអបអរសាទរ ទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»នេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីបាន លើកឡើងទៀតថា អ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅបន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹង និងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជារៀងរាល់ឆ្នាំក៏សំដៅដល់ការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រួបរួមកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពដែលធានាគុណភាពតែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃ នៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិតដើម្បីទាំងអស់គ្នាផងដែរ៕
អត្ថបទ បាន ចក់

