ភ្នំពេញ : ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា បេសកកម្មចំបងរបស់សមាគមគឺផ្តល់ផ្ទះ និងដីជូនអតីតយុទ្ធជន និងនិវត្តជនណាខ្វះខាតពិតប្រាកដ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម។
ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងមានការតែងតាំងអនុប្រធានចំនួន ១០រូប និងសមាជិក-សមាជិកាចំនួន ២៤រូប។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តថ្មី បានប្រកាសប្តេជ្ញាចិត្ត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនជាសមាជិកអតីតយុទ្ធជន និងនិវត្តជន ដោយចុះតាមដានជាប់ជាប្រចាំពីជីវភាពរស់នៅជាក់ស្ដែង ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការការជួយអន្តរាគមន៍នានា។
នាឱកាសនេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិ។
ក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម, ឯកឧត្តម គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត ត្រូវពិនិត្យឱ្យបានហ្មត់ចត់ចំពោះការដាក់ពាក្យស្នើសុំដី និងផ្ទះ ដោយថ្នាក់ដឹកនាំសមាគមខេត្តត្រូវរៀបចំក្រុមការងារចុះពិនិត្យវាយតម្លៃទៅដល់ឃុំ ដោយផ្ទាល់ ហើយកសាងឯកសារបញ្ជូនមកថ្នាក់កណ្តាល ដើម្បីសម្រេច និងរៀបចំជូនអតីតយុទ្ធជន និងនិវត្តជនរូបណាដែលខ្វះខាតពិតប្រាកដ។
លើសពីនេះ ឯកឧត្តម គន់ គីម បញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមខេត្តមានភារកិច្ចធ្វើយ៉ាងណាកែប្រែជីវភាពជូនអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបានជីវភាពមួយសមរម្យ និងសាកសមចំពោះការធ្វើពលិកម្ម និងគុណបំណាច់ជូនជាតិ និងប្រជាជន។
សូមជម្រាបថា តាមរយៈគោលនយោបាយផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចកន្លងមក បានជួយឱ្យជីវភាពរស់នៅរបស់អតីតយុទ្ធជនជាច្រើនគ្រួសារមានជីវភាពមួយសមរម្យ ក្រោមកម្មវិធីឧបត្ថម្ភផ្សេងៗរបស់រាជរដ្ឋាភិបាល៕

















