

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានអំពាវនាវឲ្យអ៊ីស្រាអែលចៀសវាងពីជំហានណាមួយឆ្ពោះទៅរកការដាក់តំបន់វេសបែង West Bank ជាឧបសម្ព័ន្ធរបស់ខ្លួន រួមទាំងការកសាងសហគមន៍នៅទីនោះ។
ការិយាល័យអធិការបតីអាល្លឺម៉ង់ បានដកស្រង់សម្តីរបស់លោក ក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់ប្រទេសហ្ស៊កដានីថា៖«យើងគួរតែរក្សាផ្លូវឆ្ពោះទៅរករដ្ឋប៉ាឡេស្ទីនឲ្យបើកចំហ។ ដូច្នេះ ពុំមានជំហានណាមួយ គួរត្រូវបានធ្វើឡើងឆ្ពោះទៅរកការដាក់ជាឧបសម្ព័ន្ធនូវតំបន់វេសបែងនៃទន្លេ Jordanទេ មិនថា ជាផ្លូវការ ឬនយោបាយនោះទេ ដោយរួមបញ្ចូលទាំងការសាងសង់ ឬវិធានការផ្សេងទៀត ដែលនឹងនាំឲ្យមានការបញ្ចូលតំបន់នេះ ប្រកបដោយប្រសិទ្ធភាព»។
លោក Merz បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការដោះស្រាយបញ្ហាមជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន៕