វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ (៧ ធ្នូ) បានស្វាគមន៍យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ហើយបាននិយាយថា យុទ្ធសាស្ត្រថ្មីនេះ ភាគច្រើនស្របតាមចក្ខុវិស័យ និងការយល់ឃើញរបស់រុស្ស៊ីផ្ទាល់ ដោយនេះជាលើកទីមួយហើយដែលទីក្រុងមូស្គូ បានសរសើរពេញទំហឹងចំពោះឯកសារបែបនេះ លើអតីតសត្រូវសង្គ្រាមត្រជាក់របស់ខ្លួន។

យុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាមេរិក បានពិពណ៌នាចក្ខុវិស័យរបស់លោក Trump ថាជា "ភាពប្រាកដនិយមដែលអាចបត់បែនបាន" ហើយអះអាងថា អាមេរិកគួរតែលើកមកប្រើប្រាស់វិញនូវគោលលទ្ធិ Monroe សតវត្សរ៍ទី១៩ ដែលប្រកាសថា អឌ្ឍគោលខាងលិចជាតំបន់ឥទ្ធិពលរបស់វ៉ាស៊ីនតោន។
យុទ្ធសាស្ត្រ ដែលចុះហត្ថលេខាដោយលោក Trump ក៏បានព្រមានថា អឺរ៉ុបប្រឈមនឹង "ការលុបបំបាត់អរិយធម៌" ហើយក៏លើកឡើងថា "ចំណុចស្នូល" នៃចំណាប់អារម្មណ៍របស់អាមេរិក គឺស្ថិតក្នុងការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយថា ទីក្រុងវ៉ាស៊ីនតោនចង់បង្កើតស្ថិរភាពជាយុទ្ធសាស្ត្រឡើងវិញជាមួយរុស្ស៊ី។
នៅពេលត្រូវសាកសួរអំពីយុទ្ធសាស្ត្រអាមេរិកថ្មីនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា "ការកែសម្រួលថ្មីនេះ ភាគច្រើន គឺត្រូវគ្នាចំពោះចក្ខុវិស័យរបស់រុស្ស៊ី"។
ការលើកសរសើរនិងបើកបង្ហាញមតិស្របគ្នាជាសាធារណៈបែបនេះ រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន អំពីយុទ្ធសាស្រ្តនយោបាយពិភពលោក គឺជារឿងកម្រខ្លាំងណាស់ បើទោះបីជាភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ លើការប្រគល់អាវុធនុយក្លេអ៊ែរពីអតីតសាធារណរដ្ឋសូវៀតទៅឱ្យរុស្ស៊ីវិញ និងរឿងមួយចំនួនទៀតក៏ដោយ៕

