នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (៧ ធ្នូ) ថា ដំណាក់កាលទីពីរនៃផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមតំបន់ហ្កាហ្សា គឺជិតមកដល់ហើយ ប៉ុន្តែក៏បានព្រមានថា មានបញ្ហាសំខាន់ៗមួយចំនួនទៀតដែលនៅតែត្រូវដោះស្រាយ រួមទាំងថា តើកងកម្លាំងសន្តិសុខពហុជាតិ នឹងត្រូវដាក់ពង្រាយដែរ ឬយ៉ាងណា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានរួមជាមួយនឹងអធិការបតីអាល្លឺម៉ង់ Friedrich Merz នៅទីក្រុងហ្សេរុយសាឡិម លោក Netanyahu បាននិយាយថា លោកនឹងបើកកិច្ចពិភាក្សាសំខាន់ៗជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅចុងខែធ្នូនេះ អំពីមធ្យោបាយធានាឱ្យផែនការដំណាក់កាលទីពីររបស់ហ្កាហ្សា អាចសម្រេចបាន។ លោក Netanyahu និបន្តថា រូបលោកក៏នឹងពិភាក្សាជាមួយលោក Trump ពីមធ្យោបាយបញ្ចប់ការគ្រប់គ្រងរបស់ពួកហាម៉ាស នៅតំបន់ហ្កាហ្សា។
កាលពីខែវិច្ឆិកា ការរិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា លោក Trump បានអញ្ជើញលោក Netanyahu ទៅសេតវិមាន "ក្នុងពេលដ៏ខ្លីខាងមុខ" ប៉ុន្តែកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចជាក់លាក់ មិនទាន់ផ្សព្វផ្សាយជាសាធារណៈឡើយ។
គួរឱ្យដឹងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលចូលជាធរមាននៅថ្ងៃទី១០ ខែតុលា កំពុងឈានចូលខែទីពីរហើយ បើទោះបីជាភាគីទាំងពីរបានចោទដាក់គ្នាទៅមកម្តងហើយម្តងទៀតថា បានរំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ។
អ៊ីស្រាអែល រក្សាការគ្រប់គ្រង ៥៣% លើហ្កាហ្សា ក្រោមដំណាក់កាលទី១ នៃផែនការរបស់លោក Trump ដែលពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ និងអ្នកទោសជនប៉ាឡេស្ទីន។ យោងតាមផែនការនេះ អ៊ីស្រាអែលនឹងដកថយបន្ថែមទៀតក្នុងដំណាក់កាលទីពីរ ខណៈអាជ្ញាធរអន្តរកាលត្រូវបង្កើតឡើងនៅហ្កាហ្សា ហើយកងកម្លាំងសន្តិសុខពហុជាតិ ត្រូវដាក់ពង្រាយ ក្រុមហាម៉ាសត្រូវរំសាយអាវុធ ហើយការកសាងឡើងវិញចាប់ផ្តើមជាផ្លូវការ៕

