រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា បានធានាពីការដោះលែងសិស្សសាលាចំនួន១០០នាក់ដែលត្រូវបានចាប់ពង្រត់កាលពីខែមុននៅរដ្ឋនីហ្ស៊េ ជាការចាប់ពង្រត់ទ្រង់ទ្រាយធំអាក្រក់បំផុតមួយរបស់ប្រទេសរហូតមកដល់ពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channels Television ក្នុងស្រុកកាលពីថ្ងៃអាទិត្យ ទី ៧ ខែធ្នូ។

សមាគមគ្រឹស្តសាសនារបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា កុមារចំនួន៣០៣នាក់ និងបុគ្គលិកសាលារៀនចំនួន១២នាក់ត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយក្រុមខ្មាន់កាំភ្លើងនៅក្នុងភូមិ Papiri ជាភូមិតូចមួយក្នុងរដ្ឋនីហ្ស៊េ។
សិស្សចំនួន៥០នាក់បានរត់គេចខ្លួនក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ប៉ុន្តែចាប់តាំងពីពេលនោះមក ពុំមានព័ត៌មានបច្ចុប្បន្នភាពអំពីទីតាំង ឬស្ថានភាពរបស់កុមារដទៃទៀតឡើយ ខណៈកុមារមួយចំនួនមានអាយុត្រឹមតែ៦ឆ្នាំ និងបុគ្គលិកសាលារៀនដែលបាត់ខ្លួន។

Channels Television ពុំបានផ្តល់ព័ត៌មានលម្អិតភ្លាមៗអំពីការដោះលែងនោះទេ។ អាជ្ញាធរ សមាគមគ្រឹស្តសាសនារបស់ប្រទេសនីហ្សេរីយ៉ា និងរដ្ឋនីហ៊្សេបាននិយាយថា ពួកគេមិនត្រូវបានជូនដំណឹងជាផ្លូវការអំពីការដោះលែងកុមារនោះទេ ហើយរដ្ឋាភិបាលនីហ្សេរីយ៉ា ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗដែរ។
ការវាយប្រហារនៅសាលារៀន បានបង្ហាញពីភាពអសន្តិសុខជាបន្តបន្ទាប់នៅក្នុងប្រទេសនីហ្សេរីយ៉ារយៈពេលជាង១០ឆ្នាំមកនេះ បន្ទាប់ពីការចាប់ពង្រត់ដ៏ធំនៅតំបន់ Chibok នៅពេលដែលប្រទេសនេះកំពុងស្ថិតនៅក្រោមការពិនិត្យពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជុំវិញការចោទប្រកាន់ថាបានប្រព្រឹត្តអាក្រក់លើអ្នកកាន់សាសនាគ្រឹស្ត។