ផែនទីបង្ហាញផ្លូវសន្តិសុខពិភពលោកថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានបង្ហាញពីការលើកឡើងណាមួយឡើយ ដែលយកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាគោលដៅ ដោយជំរុញឲ្យមានការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងគិតគូរបង្កើនឱកាសទម្លាយភាពទាល់ច្រកការទូតជាមួយទីក្រុងព្យុងយ៉ាង នៅឆ្នាំ២០២៦។
គោលដៅនៃការបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានជាប់មករហូត នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកគ្រប់រូប ចាប់តាំងពីការលេចឡើងនូវកម្មវិធីរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០៣ ប៉ុន្តែបានបាត់ជាក់ស្ដែង នៅក្នុងឯកសារថ្ងៃទី៥ ខែធ្នូ។

ការណ៍ដែលមិនមានការនិយាយយោងដល់ណាមួយ អំពីកូរ៉េខាងជើង និងការពន្លឿនកម្មវិធីរបស់ប្រទេសនេះ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលអាចពាំដោយមីស៊ីលបាលីស្ទិកមានសមត្ថភាពវាយប្រហារដល់ដីគោករបស់សហរដ្ឋអាមេរិក កំពុងជំរុញឲ្យមានការរំពឹងទុកពីការរស់ឡើងវិញនូវកិច្ចចរចា រវាងលោក Trump និងលោក Kim Jong Un ដែលបានធ្វើឡើងលើកចុងក្រោយក្នុងឆ្នាំ២០១៩។
លោក Hong Min មកពីវិទ្យាស្ថានកូរ៉េ សម្រាប់ការបង្រួបបង្រួមជាតិ បាននិយាយថា លោក Trump បាននិយាយអំពីឆន្ទៈរបស់លោក ក្នុងការអង្គុយពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ជាវិធី «សកម្មជាមុន» ដែលបង្ហាញថា លោក «ចង់សម្រេចអ្វីៗ ដោយចាត់វិធានការមួយចំនួន»។
ឯកសារឆ្នាំ២០២៥ ដោយខុសពីអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៧ ដែលបានលើកឡើងពីកូរ៉េខាងជើង ១៦ដងថា ជាការគំរាមកំហែងដល់ជាតិ បង្ហាញពីចក្ខុវិស័យរបស់លោក Trump នៃ «ភាពប្រាកដនិយមអាចបត់បែនបាន» ដែលផ្តោតលើការទប់ទល់នឹងជម្លោះ ជាមួយប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយពង្រឹងកម្លាំងយោធា ពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់អាស៊ី ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន៕
