អ្នកភូមិនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់មីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃចន្ទ (៨ ធ្នូ) ថា ការវាយប្រហារតាមអាកាសកាលពីសប្តាហ៍មុន ដោយយោធារបស់សហភាពមីយ៉ាន់ម៉ា ទៅលើហាងតែមួយកន្លែង នៅក្នុងតំបន់ភាគកណ្តាលនៃខេត្ត Sagaing របស់ប្រទេសនេះ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ១៨នាក់ និង ២០នាក់ផ្សេងទៀតរងរបួស។

នេះគឺជាការវាយប្រហារចុងក្រោយបំផុត ក្នុងប្រតិបត្តិការផ្លូវអាកាសជាញឹកញាប់និងបង្ហូរឈាម សំដៅលើកងកម្លាំងប្រដាប់អាវុធគាំទ្រលទ្ធិប្រជាធិបតេយ្យ ខណៈមីយ៉ាន់ម៉ា ខិតទៅជិតការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅចុងខែធ្នូនេះ។
អ្នកស្រុកម្នាក់បាននិយាយថា ការវាយប្រហារថ្មីនេះកើតឡើងនៅថ្ងៃទី៥ ខែធ្នូ កន្លងទៅ ភ្លាមៗបន្ទាប់ពីម៉ោងក្នុងស្រុក ៨យប់ នៅភូមិ Mayakan ក្នុងសង្កាត់ Tabayin។ ភូមិនេះចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Mandalay ដែលជាទីក្រុងធំទី២ របស់មីយ៉ាន់ម៉ា និងត្រូវបានគេស្គាល់ច្បាស់តាមរយៈឈ្មោះចាស់ថា Depayin។
អ្នកស្រុកដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បានប្រាប់សារព័ត៌មាន AP ថា ការវាយប្រហារត្រូវចំហាងតែមួយកន្លែង ដែលមានមនុស្សរាប់សិបនាក់កំពុងប្រមូលផ្តុំគ្នាទស្សនាការប្រកួតបាល់ទាត់មីយ៉ាន់ម៉ាទល់នឹងហ្វីលីពីន តាមកញ្ចក់ទូរទស្សន៍។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអនឡាញឯករាជ្យ រួមទាំងសេវាព័ត៌មាន Myanmar Now បានចេញផ្សាយរូបភាព និងវីដេអូ ដែលអះអាងថា ជាកម្ទចកម្ទីពីការវាយប្រហារតាមអាកាសមួយនោះ៕


