ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) កាលពីថ្ងៃចន្ទបានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការឈានទៅដល់ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev លោក អាបាស បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប៉ាឡេស្ទីន ដែលរួមមានការបញ្ឈប់អរិភាពទាំងស្រុង ការដកទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្កាហ្សា រដ្ឋប៉ាឡេស្ទីនទទួលខុសត្រូវផ្នែករដ្ឋបាល និងសន្តិសុខ នៅក្នុងតំបន់នេះ និងការចាប់ផ្តើមដំណាក់កាលទី២នៃផែនការសន្តិភាព ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA។

លោកបាននិយាយថា ការងារកំពុងដំណើរការជាមួយអារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋអាមេរិក និងអ្នកសម្របសម្រួល និងដៃគូផ្សេងទៀត ដើម្បីបញ្ចប់សង្គ្រាម និងអនុវត្តដំណោះស្រាយរដ្ឋពីរ ស្របតាមច្បាប់អន្តរជាតិ ដោយបើកផ្លូវសម្រាប់សន្តិភាពក្នុងតំបន់ដ៏ទូលំទូលាយ។
លោក អាបាស ក៏បានជម្រាបជូនលោក Tokayev អំពីស្ថានភាពលំបាកដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមនៅតំបន់វេសបែង (West Bank) និង ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ( East Jerusalem) ដោយជំរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ «វិធានការឯកតោភាគីរបស់ខ្លួន បញ្ឈប់អំពើហិង្សារបស់អ្នកតាំងលំនៅ និងបញ្ចេញមូលនិធិប៉ាឡេស្ទីនដែលត្រូវបានដកទុក»៕
