វាមានរយៈពេល ១ឆ្នាំមកហើយ ចាប់តាំងពីការវាយប្រហារលឿនដូចផ្លេកបន្ទោដឹកនាំដោយក្រុមឧទ្ទាមសម្ព័ន្ធមិត្ត នាំឲ្យមានការដួលរលំរបស់ទីក្រុងដាម៉ាស ក៏ដូចជាបញ្ចប់រជ្ជកាលរយៈពេល ៥៤ឆ្នាំរបស់គ្រួសារ al-Assad ។
ស្របពេលរបបមួយនេះ ដួលរលំ អ៊ីស្រាអែលក្តាប់បានអស្ថិរភាព ជាមួយនឹងការបង្កើនយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយមានគោលដៅភាគច្រើនលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសជិតខាងមួយនេះ រួមទាំងអាកាសយានដ្ឋាន ប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង និងទីតាំងយុទ្ធសាស្រ្តដទៃជាច្រើនទៀត ។
យោងតាមតួលេខពីទិន្នន័យហេតុការណ៍ និងទីតាំងជម្លោះប្រដាប់អាវុធ(ACLED) បានឲ្យដឹងថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ អ៊ីស្រាអែលបើកការវាយប្រហារតាមច្រកអាកាស យានដ្រូន និងកាំភ្លើងជាង ៦០០លើក នៅទូទាំងប្រទេសស៊ីរី ពោលគឺការវាយប្រហារជមធ្យមជិត ២ដង ក្នុង ១ថ្ងៃ ។
ការវាយប្រហាររបស់អ៊ីស្រាអែល ផ្តោតសំខាន់លើទីក្រុងភាគខាងត្បូង Quneitra, Deraa និងទីក្រុងដាម៉ាសរបស់ស៊ីរី ដែលស្មើនឹងជិត ៨០ភាគរយនៃការវាយប្រហារសរុបរបស់អ៊ីស្រាអែលលើទឹកដីស៊ីរី ។
ចាប់តំាងពីឡើងកាន់អំណាច បន្ទាប់ពីផ្តួលរំលំលោក al-Assad លោកប្រធានាធិបតី Ahmed al-Sharaa បានបញ្ជាក់ឥតឈប់ឈរថា រដ្ឋាភិបាលរបស់លោក ពុំចង់មានជម្លោះជាមួយអ៊ីស្រាអែលនោះទេ ហើយក៏ពុំបណ្តោយឲ្យស៊ីរីក្លាយជាទីសម្រាប់ក្រុមជីវពលបរទេស បើកការវាយប្រហារនោះឡើយ ៕