ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ជាប់ក្នុងអាណត្តិថ្មី ថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមលើកកម្ពស់កម្មសិទ្ធិបញ្ញាកម្ពុជា តាមរយៈការជំរុញអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានា ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ពាណិជ្ជកម្ម និងវិនិយោគ និងជំរុញបង្កើន ការយល់ដឹងដល់ធុរកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តម អ៊ុ រតនា ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ជាប់ក្នុងអាណត្តិទី៤ នៅក្នុងសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការបោះឆ្នោតជ្រើសរើសប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា អាណត្តិទី៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា វិស័យកម្មសិទ្ធិ បញ្ញាបានដើរតួយ៉ាងសំខាន់ សម្រាប់ធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងសម្រាប់សង្គម តាមរយៈកិច្ចការពារនូវរបកគំហើញ និងការច្នៃ ប្រឌិត ដើម្បីចៀសវាងការលួចបន្លំស្នាដៃ និងផលិតផលផ្សេងៗ ដែលតាមរយៈនេះក៏ជាការទាក់ទាញអ្នកវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកផងដែរ។
ជុំវិញបញ្ហាខាងនេះ ឯកឧត្តម ក៏បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ លើការចូលរួមលើកកម្ពស់កម្មសិទ្ធបញ្ញាកម្ពុជា តាមរយៈការ ជំរុញអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធកម្មសិទ្ធបញ្ញា ការពង្រីកទំនាក់ទំនងកិច្ចសហការជាមួយសមាគមផ្សេងៗ និង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ជាពិសេសជំរុញបង្កើនការយល់ដឹងដល់ធុរកិច្ច ដើម្បីចាប់យកការធ្វើអាជីវកម្មឱ្យកាន់តែ ខ្លាំងក្លា និងមានការប្រកួតប្រជែងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។
ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលបញ្ចប់អាណត្តិ បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗមួយ ចំនួន ដែលសមាគមសម្រេចបានក្នុងអាណត្តិឆ្នាំ២០២៣-២០២៥ កន្លងមក និងរំពឹងថា ប្រធានសមាគមដែលជាប់ក្នុងអាណត្តិថ្មី នឹង បន្តដឹកនាំសមាគមកម្មសិទ្ធបញ្ញាកម្ពុជាមួយនេះឱ្យកាន់រីកចម្រើថែមទៀត នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយក្រសួង និងក្រុមការងារ ពាក់ព័ន្ធ ដើម្បីសម្រេចបានពេញលេញទៅដោយសក្តានុពល នូវសកម្មភាពថ្មីៗរបស់ខ្លួន ដើម្បីហែកនូវរបាំងពាណិជ្ជកម្ម សម្រាប់ការ ប្រកួតប្រជែងរបស់កម្ពុជា។
ជុំវិញកម្មសិទ្ធបញ្ញានេះដែរ, ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងឱ្យដឹងថា វិស័យកម្មសិទ្ធិបញ្ញា កម្ពុជា បានចាប់ផ្តើមកកើតឡើងនៅឆ្នាំ១៩៩៥ នៅពេលដែលកម្ពុជា បានចូលជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងការចូលរួមជាសមាជិករបស់អាស៊ាននៅឆ្នាំ ១៩៩៩ផងដែរ។ ក្រោមក្របខណ្ឌអន្តរជាតិ, កម្ពុជាបានខិតខំប្រឹងប្រែងចូលជាសមាជិករបស់សន្ធិសញ្ញា និងអនុសញ្ញានានា ព្រមទាំង ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ជាមួយបណ្តាប្រទេសដៃគូ, កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, និងអនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គភាពកម្ម សិទ្ធិបញ្ញាកម្ពុជា ជាមួយដៃគូដូចជាចិន កូរ៉េ ជប៉ុន សិង្ហបុរី និងហុងកុងជាដើម ក្នុងគោលដៅចូលរួមចំណែក អភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិ បញ្ញារបស់កម្ពុជាឱ្យមានសង្គតិភាពជាប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ពិភពលោក៕
អត្ថបទ៖ សុន រ៉ាឌី










