ក្រសួងការពារជាតិជប៉ុន បាននិយាយកាលពីយប់ថ្ងៃអង្គារ (៩ ធ្នូ) ថា ជប៉ុន បានប្រុងប្រៀបយន្តហោះចម្បាំង ដើម្បីឃ្លាំមើលកងកម្លាំងអាកាសរុស្ស៊ី និងចិន ដែលធ្វើការល្បាតរួមគ្នានៅជុំវិញប្រទេសនេះ ស្របពេលភាពតានតឹងនៅតែកើនឡើងខ្លាំងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។

ក្រសួងការពារជាតិជប៉ុន លើកឡើងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រមានសមត្ថភាពនុយក្លេអ៊ែរធុន Tu-95 របស់រុស្ស៊ី ២គ្រឿង បានហោះចេញពីសមុទ្រជប៉ុន ឆ្ពោះទៅសមុទ្រចិនខាងកើត ដើម្បីជួបជុំជាមួយយន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិន ២គ្រឿង ហើយបាន "ហោះហើររួមគ្នារយៈចម្ងាយឆ្ងាយ" នៅប៉ាស៊ីហ្វិក។ យន្តហោះចម្បាំងចិន J-16 ចំនួន ៤គ្រឿង ក៏បានចូលរួមជាមួយយន្តហោះទម្លាក់គ្រាប់បែកនោះដែរ ខណៈពួកគេហោះហើរទៅមក រវាងកោះអូគីណាវ៉ា របស់ជប៉ុន និងកោះ មីយ៉ាកូ។ គួរឱ្យដឹងថា ច្រកសមុទ្រ មីយ៉ាកូ រវាងកោះទាំងពីរ ត្រូវបានចាត់ទុកថាជាដែនទឹកអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយលើបណ្ដាញសង្គម X នៅថ្ងៃពុធនេះថា ប្រតិបត្តិការរួមគ្នារបស់រុស្ស៊ី និងចិន មានបំណងយ៉ាងច្បាស់ថា ជាការបង្ហាញកម្លាំងដាក់ជប៉ុន។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា សមយុទ្ធ និងការហ្វឹកហ្វឺនរបស់ចិន ក្នុងដែនទឹកនិងដែនអាកាសដែលពាក់ព័ន្ធ បានគោរពយ៉ាងពេញលេញទៅនឹងច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ដោយសម្អាងដល់ក្រសួងការពារជាតិថា ការហោះហើររួមគ្នារវាងរុស្ស៊ី-ចិន នៅជិតជប៉ុន មានរយៈពេល ៨ម៉ោង។

កំណើនសកម្មភាពយោធារបស់ទីក្រុងប៉េកាំង នៅជិតប្រទេសជប៉ុននេះ បានកើតឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីខែមុន ទាក់ទងនឹងកោះតៃវ៉ាន់៕