អ្នកនាំពាក្យនៃនាយកដ្ឋានកិច្ចការនយោបាយនិងកសាងសន្តិភាព របស់អង្គការសហប្រជាជាតិ លោកស្រី Kayoko Gotoh បាននិយាយកាលពីថ្ងៃអង្គារ (៩ ធ្នូ) ថា ឆ្នាំ២០២៥នេះ បានក្លាយជាឆ្នាំដ៏កំណាចបំផុតមួយសម្រាប់ជនស៊ីវិលនៅអ៊ុយក្រែន ខណៈការទម្លាក់គ្រាប់បែករបស់រុស្ស៊ី លើទីក្រុងនានារបស់ប្រទេសនេះ កាន់តែខ្លាំងក្លាឡើង។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោកស្រី Gotoh បាននិយាយថា ការស្លាប់របស់ជនស៊ីវិលនៅអ៊ុយក្រែន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថិតក្នុងអត្រា ២៤% ខ្ពស់ជាងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ លោកស្រីបន្ថែមថា តួលេខនៅតែបន្តកើនឡើងឥតឈប់ឈរ ស្របពេលកំណើនការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ទូទាំងប្រទេសអ៊ុយក្រែន។
ចាប់តាំងពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន បានចាប់ផ្តើមមក អង្គការសហប្រជាជាតិ បានបញ្ជាក់ពីការស្លាប់ជនស៊ីវិលចំនួន ១៤.៧៧៥នាក់ រួមទាំងកុមារចំនួន ៧៥៥នាក់។ យោងតាមមន្ត្រី UN រូបនេះបានឱ្យដឹងថា មនុស្សជាង ៣៩.០០០នាក់ បានរងរបួស ក្នុងចំណោមនោះ មានកុមារជាង ២.៤០០នាក់។
លោកស្រី Gotoh ព្រមានថា ការវាយប្រហារជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្នុងអំឡុងរដូវរងា គំរាមកំហែងដល់ការកាត់ផ្តាច់ថាមពលកម្ដៅ ទឹក និងការដឹកជញ្ជូនសាធារណៈសម្រាប់មនុស្សរាប់លាននាក់។ លោកស្រីសង្កត់ធ្ងន់ថា សាលារៀនអ៊ុយក្រែនជាង ៣៤០កន្លែង ត្រូវបំផ្លាញ ហើយសហគមន៍ជួរមុខក្នុងតំបន់ Donetsk តំបន់ Kharkiv តំបន់ Kherson និងតំបន់ Sumy កំពុងលំបាកខ្លាំង ក្នុងការទទួលបានសេវាមូលដ្ឋានដ៏ចាំបាច់ ដោយសារតែជម្លោះជិត ៤ឆ្នាំមកនេះ៕

