សមាជិកសភាបារាំង បានអនុម័តថវិកាសន្តិសុខសង្គមឆ្នាំ២០២៦ ជាមួយនឹងសំឡេងយ៉ាងស្ដួចស្ដើង កាលពីថ្ងៃអង្គារ (ទី៩ ខែធ្នូ) ដោយផ្ដល់ឲ្យនាយករដ្ឋមន្ត្រី លោក Sebastien Lecornu នូវជ័យជម្នះដ៏សំខាន់មួយ ប៉ុន្តែក្នុងតម្លៃនយោបាយដ៏ធំសម្បើមដែលនៅតែអាចគំរាមកំហែងដល់រដ្ឋាភិបាលដ៏ផុយស្រួយរបស់លោក។
លោក Lecornu កំពុងស្វែងរកការទទួលបានការអនុម័តថវិការដ្ឋទាំងស្រុង នៅសភា មុនដំណាច់ឆ្នាំ ប៉ុន្តែការធ្វើសម្បទានដ៏មានតម្លៃរបស់លោក ដើម្បីទទួលការគាំទ្រពីក្រុមសង្គមនិយម បានងាកចេញឆ្ងាយពីសម្ព័ន្ធមិត្ត និងធ្វើឲ្យលោកចុះខ្សោយផ្នែកនយោបាយ។
សមាជិកសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសំឡេងគាំទ្រស្ដួចស្ដើងលើសត្រឹមតែ ១៣សំឡេងប៉ុណ្ណោះ ជាការបង្ហាញពីជំហរមិនច្បាស់លាស់របស់រដ្ឋាភិបាល នៅក្នុងសភាជាន់ទាប ដែលមិនមានគណបក្សគ្រប់គ្រងសំឡេងភាគច្រើន។

ការប្រថុយប្រថានរបស់លោក Lecornu ដើម្បីទទួលបានការគាំទ្ររបស់សមាជិកសភារបស់គណបក្សសង្គមនិយម បានជោគជ័យ ប៉ុន្តែមានតែតាមរយៈការធ្វើសម្បទាន ដែលបង្កឲ្យមានការខឹងសម្បាពីសម្ព័ន្ធមិត្តកណ្តាលនិយម និងអភិរក្សនិយម ដោយសារការចំណាយរបស់ពួកគេ។
ក្រុមសង្គមនិយមគាំទ្រច្បាប់នេះ បន្ទាប់ពីលោក Lecornu បានយល់ព្រមផ្អាកកំណែទម្រង់ប្រាក់សោធននិវត្តន៍ឆ្នាំ២០២៣ របស់លោកប្រធានាធិបតី Emmanuel Macron រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧។
ការអនុម័តនេះ ធានានូវការផ្តល់មូលនិធិ សម្រាប់ការថែទាំសុខភាព ប្រាក់សោធននិវត្តន៍ និងសុខុមាលភាព ទោះបីជាវាធ្វើឲ្យមានកង្វះមូលនិធិដែលទំនងជាឡើងជិតដល់ទៅ ២០ពាន់លានអឺរ៉ូក៏ដោយ។ គណនីសន្តិសុខសង្គម មានចំនួនជាង ៤០ភាគរយនៃការចំណាយលើវិស័យសាធារណៈសរុបរបស់ប្រទេសបារាំង៕

