លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងដែលត្រូវបានហាមប្រាមមួយគ្រឿងនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសវ៉េណេស៊ុយអេឡា ជាសកម្មភាពមួយដែលបានធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ និងបង្កើនភាពតានតឹងយ៉ាងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង ការ៉ាកាស។

លោក Trump ដែលបានដាក់សម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro ឱ្យចុះចេញពីតំណែង បាននិយាយថា ពួកលោកទើបតែរឹបអូសកប៉ាល់ដឹកប្រេងដ៏ធំមួយគ្រឿងនៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ។នោះជានាវាធំជាងគេបំផុតមិនធ្លាប់មាន ហើយមានរឿងផ្សេងទៀតកំពុងកើតឡើង។

លោក Trump បានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡា។ ឧប្បត្តិហេតុនេះគឺជាសកម្មភាពដែលគេស្គាល់ជាលើកដំបូងប្រឆាំងនឹងកប៉ាល់ដឹកប្រេងចាប់តាំងពីលោកបានបញ្ជាឱ្យមានការបង្កើនទំហំយោធាយ៉ាងច្រើននៅក្នុងតំបន់នេះ។ សហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងកប៉ាល់សង្ស័យថាមានផ្ទុកគ្រឿងញៀន ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសមាជិកសភា និងអ្នកជំនាញផ្នែកច្បាប់។

លោកស្រី Pam Bondi រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា FBI ក្រសួងសន្តិសុខមាតុភូមិ និងឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក រួមជាមួយនឹងការគាំទ្រពីយោធាសហរដ្ឋអាមេរិក បានអនុវត្តដីកាចាប់ឃាត់នាវាដឹកប្រេងឆៅមួយគ្រឿង ត្រូវបានប្រើសម្រាប់ដឹកជញ្ជូនប្រេងដែលត្រូវបានជាប់ទណ្ឌកម្ម ពីប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់៕