ព្យុះ Byron កំពុងគំរាមកំហែងបង្កើនទុក្ខលំបាកថ្មីដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដោយគ្រួសារជាច្រើនបានអំពាវនាវសុំជំនួយពីតង់លិចទឹករបស់ខ្លួន ហើយមនុស្សរាប់រយនាក់ផ្សេងទៀតបានភៀសខ្លួនចេញពីទីជម្រកដើម្បីស្វែងរកដីស្ងួត ខណៈព្យុះរដូវរងាដ៏ខ្លាំងក្លាបានវាយបោកបក់ទៅលើទឹកដីដែលត្រូវបានហ៊ុមព័ទ្ធមួយនេះ។

មន្ត្រីបានព្រមានកាលពីថ្ងៃពុធថា ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងនាំមកនូវទឹកជំនន់ដ៏គំហុក ខ្យល់បក់ខ្លាំងនិងព្រឹលធ្លាក់រហូតដល់ថ្ងៃសុក្រ ហើយស្ថានភាពត្រូវបានគេរំពឹងថានឹងបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ដែលកំពុងជួបប្រទះវិបត្តិមនុស្សធម៌រួចទៅហើយ ជាកន្លែងដែលប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់រស់នៅក្នុងតង់ រចនាសម្ព័ន្ធបណ្តោះអាសន្ន ឬអគារខូចខាត បន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សារយៈពេលពីរឆ្នាំមកនេះ។

បុគ្គលិកមនុស្សធម៌បាននិយាយថា ការរឹតត្បិតរបស់អ៊ីស្រាអែលលើការនាំចូលតង់ ឧបករណ៍ដើម្បីជួសជុលប្រព័ន្ធទឹកនិងប្រព័ន្ធលូបង្ហូរទឹក បានធ្វើឱ្យតំបន់ហ្កាហ្សាមានសម្ភារៈមិនគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងព្យុះ ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកNetanyahu អនុញ្ញាតឱ្យមានការផ្គត់ផ្គង់បន្ទាន់។
នៅក្នុងទីក្រុង Rafah ភាគខាងត្បូង ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយថា ក្រុមរបស់ខ្លួនបានទទួលការហៅសុំជំនួយពីជំរំភៀសខ្លួន ដោយគ្រួសារជាច្រើនបានរាយការណ៍ថា «ជំរំតង់បានលិចទឹក ហើយបានជាប់នៅខាងក្នុងដោយសារតែភ្លៀងធ្លាក់ខ្លាំង»។