លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃពុធ សប្ដាហ៍នេះ បាននិយាយថា រូបលោកកំពុងកំណត់ពេលជួបសន្ទនាតាមទូរស័ព្ទជាមួយភាគីថៃ និងកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូនេះ ស្របពេលយោធាថៃបន្តឈ្លានពានកម្ពុជាដោយបាញ់ស្រោចឥតឈប់ឈរ។

លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះដែរថា រូបលោកគិតថា លោកអាចធ្វើឲ្យភាគីទាំងពីរឈប់ប្រយុទ្ធគ្នាបាន។ លោកគិតថា លោកបានកំណត់ពេលនិយាយជាមួយភាគីទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះ ។

លោកគិតថា លោកអាចធ្វើឲ្យប្រទេសទាំងពីរឈប់ប្រយុទ្ធគ្នាបាន។ តើអ្នកណាទៀតអាចធ្វើបែបនោះបាន? គិតទៅ។ លោកបានដោះស្រាយសង្គ្រាមចំនួនប្រាំបីហើយ។ ពេលនេះសង្គ្រាមមួយនឹងឆាបឆេះម្តងទៀត។ ហើយលោកត្រូវពន្លត់ភ្លើងតូចមួយនោះម្តងទៀត។ ដូច្នេះ ចាំមើលថាតើលោកអាចធ្វើបានឬអត់។ ហើយវាជារឿងគួរឲ្យសោកស្តាយនូវអ្វីដែលបានកើតឡើង លោកចង់មានន័យថាលោកដឹងច្បាស់ពីអ្វីដែលបានកើតឡើង។ យើងនឹងរង់ចាំមើលថាតើយើងអាចពន្លត់ភ្លើងបានទេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ ដោយជំរុញយ៉ាងខ្លាំងឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល និងឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹង ដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី។
លោកប្រធានាធិបតី Donald Trump បានជំរុញឲ្យភាគីទាំងពីគោរពបទឈប់បាញ់ក្រោយយោធាថៃបើកការវាយប្រហារតាមអាកាសមកលើប្រទេសកម្ពុជាដោយបានសម្លាប់ពលរដ្ឋកម្ពុជាជាច្រើននាក់ ហើយមកទល់នឹងពេលនេះ ថៃនៅតែបន្តសកម្មភាពឈ្លានពានកម្ពុជាយ៉ាងគឃ្លើន៕