បណ្តាញចរន្តអគ្គិសនីនៅប្រទេសគុយបា រងភាពរង្គោះរង្គើក្រោមសម្ពាធវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ ក្នុងនោះឱនភាពផលិតប្រេងប្រចាំថ្ងៃជាមធ្យមចំនួន ១.៩០០មេហ្គាវ៉ាត់ ស្របពេលមានការខូចនៅតាមរោងចក្រថាមពលចាស់ទ្រុឌទ្រោម និងអង្គភាពថាមពល ពុំទាន់បានជួសជុល ។
អ្នកស្រុកនៅប្រទេសកោះក្នុងតំបន់ការ៉ាអ៊ីបមួយនេះ ស៊ូទ្រានឹងការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរខ្លាំងជាងមុន មានរយៈពេលរហូតដល់ ២០ម៉ោង ឬយូរជាងនេះ ក្នុង ១ថ្ងៃ ស្របពេលដែលរដ្ឋាភិបាលពិបាកស្វែងរកការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ ។

លោក Olga Napoles គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងឡាហាវ៉ាន់ដែលរៀបចំអាហារពេលល្ងាចនៅផ្ទះដោយប្រើចង្កៀងនិយាយថា បច្ចុប្បន្នវាកាន់តែធ្ងន់ធ្ងរខ្លាំង ។ មិនថាពួកគេពន្យល់បែបណានោះទេ ពលរដ្ឋគុយបា ពុំអាចយល់បាននោះទេចំពោះស្ថានភាពអគ្គិសនី ។
រោងចក្រថាមពលដើរដោយប្រេងរបស់គុយបា បានប្រឈមនឹងវិបត្តិទាំងស្រុងកាលពីឆ្នាំមុន ពេលដែលការនាំចូលប្រេងឆៅពីប្រទេសវេណេស៊ុយអេឡា រុស្ស៊ី និងម៉ិកស៊ិក ធ្លាក់ចុះ ។ ចាប់តាំងពីពេលនោះមក ចរន្តអគ្គិសនី បានដាច់ដោយផ្នែក ឬដាច់ទាំងស្រុងតែម្តង ។
កាលពីសប្តាហ៍មុន គុយបា បានជួបវិបត្តិអគ្គិសនីមួយទៀត ធ្វើឲ្យទីក្រុងឡាហាវ៉ាន់ និងតំបន់ភាគខាងលិចប្រទេស ធ្លាក់ទៅក្នុងសភាពងងឹតឈឹង ៕
