រដ្ឋមន្ត្រីការបរទេសប៊ូរុនឌី លោក Edouard Bizimana បាននិយាយថា ការវាយលុកដែលធ្វើឡើងដោយក្រុមឧទ្ទាម M23 នៅភាគខាងកើតប្រទេសកុងហ្គោ ដោយមានការគាំទ្រពីប្រទេសរ្វា់ន់ដា គឺជាប្រឆាំងនឹងសហរដ្ឋអាមេរិកយ៉ាងច្បាស់។
លោកបានកត់សម្គាល់ថា ប្រទេសកុងហ្គោ និងរ្វ៉ាន់ដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីក្រុងវ៉ាស៊ីនតោន នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០៤ ខែធ្នូ។

លោក Bizimana បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖«ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងការមិនបំពេញកាតព្វកិច្ចរបស់វា គឺជាការអាម៉ាស់សម្រាប់មនុស្សគ្រប់គ្នា និងជាពិសេសសម្រាប់លោកប្រធានាធិបតី ត្រាំ។ «នេះគឺជាទង្វើប្រឆាំងនឹងសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ»។
លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យមានទណ្ឌកម្មប្រឆាំងនឹងប្រទេសរ្វ៉ាន់ដាដែលគាំទ្រការវាយលុកនេះ។
កិច្ចព្រមព្រៀងសន្តិភាពបានកំណត់លក្ខខណ្ឌដែលបានព្រមព្រៀងគ្នាពីមុន រួមទាំងបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការរំសាយអាវុធរបស់កងកម្លាំងមិនមែនរដ្ឋ ការបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួន និងនាំយកអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ឡើងតុលាការ៕
