រោងចក្រឧស្សាហកម្មនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ស្ថិតក្រោមសម្ពាធថ្មី ដើម្បីកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរឆ្លើយតបចំពោះសប្តាហ៍ផ្សែងអ័ព្ទយ៉ាងក្រាស់ និងគ្រោះថ្នាក់នៅក្នុងទីក្រុងមួយនេះ ។
នៅដើមសប្តាហ៍នេះ ក្រសួងសុខាភិបាលវៀតណាម បានជំរុញឲ្យរោងចក្រថាមពល រោងចក្រដែកថែប និងរោងចក្រគីមី ត្រូវកាត់បន្ថយទិន្នផលរបស់ខ្លួន ពេលដែលសន្ទស្សន៍គុណភាពខ្យល់(AQI) ឡើងដល់កម្រិត ២០០ ។

យោងតាម AirVisual ដែលផ្តល់ព័ត៌មានកង្វក់បរិយាកាសសកលឯករាជ្យតាមរយៈកម្មវិធីលើទូរស័ព្ទដៃ បានឲ្យដឹងថា នៅថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ កម្រិត AQI ឡើងដល់ ២៤៣ ធ្វើឲ្យទីក្រុងហាណូយ ឈរនៅចំណាត់ថ្នាក់លេខ ៤នៅលើបញ្ជីទីក្រុងមានកង្វក់បរិយាកាសខ្លាំងបំផុតរបស់ពិភពលោក ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលជាមជ្ឈមណ្ឌលផលិតក្នុងតំបន់កំពុងធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សនោះ បានទទួលរងកង្វក់បរិយាកាសធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសនៅទីក្រុងហាណូយ ៕
