សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ បានគំរាមកាត់បន្ថយជំនួយបរទេសរបស់ខ្លួន ចំពោះប្រទេសស៊ូដង់ខាងត្បូង ប្រសិនបើទីក្រុង Juba មិនលើកលែងនូវអ្វីដែលខ្លួនបានចាត់ទុកថា ជាការយកថ្លៃឈ្នួលសេវាខុសច្បាប់ លើការដឹកជញ្ជូនជំនួយមនុស្សធម៌។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបង្ហាញការរិះគន់ខ្លាំងៗមានចំណងជើងថា «ដល់ពេលវេលាបញ្ឈប់ការទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិកហើយ» ការិយាល័យទទួលបន្ទុកកិច្ចការអាហ្រ្វិករបស់សហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលស៊ូដង់ខាងត្បូងថា បាន «យកថ្លៃហួសហេតុពេកលើការដឹកជញ្ជូនមនុស្សធម៌» និង «រារាំងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)»។ រដ្ឋមន្ត្រីកិច្ចការមនុស្សធម៌ស៊ូដង់ខាងត្បូង មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

សហរដ្ឋអាមេរិក ដែលបានកាត់បន្ថយជំនួយបរទេសយ៉ាងលឿន និងខ្លាំង នៅឆ្នាំនេះ គឺជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតដល់ស៊ូដង់ខាងត្បូង។ ប្រទេសដែលមានប្រជាជនចំនួន ១២លាននាក់នេះ ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះ ចាប់តាំងពីទទួលបានឯករាជ្យពីស៊ូដង់ក្នុងឆ្នាំ២០១១។
ម្ចាស់ជំនួយបរទេស បានជំទាស់ម្តងហើយម្តងទៀត ចំពោះការប៉ុនប៉ងរបស់អាជ្ញាធរស៊ូដង់ខាងត្បូង ក្នុងការប្រមូលពន្ធ លើការនាំចូលជំនួយមនុស្សធម៌។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានសង្កត់ថ្ងន់ថា៖ «វិធានការទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចអន្តរជាតិ ពីសំណាក់ស៊ូដង់ខាងត្បូង»៕

