នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ យ៉ាងហោចណាស់សិស្ស ២០នាក់ និងគ្រូបង្រៀនម្នាក់ បានរងរបួស បន្ទាប់ពីរថយន្ត ១គ្រឿង បានបើកបុកចូលពេញទំហឹងទៅក្នុងកន្លែងជួបជុំរបស់សាលា នៅឯសាលាបឋមសិក្សា SDN 01 Pagi Kalibaru ក្នុងតំបន់ Cilincing នៅភាគខាងជើងនៃទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
រថយន្តមួយគ្រឿងដែលបើតាមការរាយការណ៍ឲ្យដឹងថា ជាកម្មសិទ្ធិរបស់កម្មវិធីអាហារបំប៉នឥតគិតថ្លៃរបស់រដ្ឋាភិបាល បានបាត់បង់ម្ចាស់ការ ហើយបានបើកលឿនស្លេវកាត់ទ្វារសាលាដែលកំពុងបិទ មុនពេលបុកចូលទៅក្នុងទីធ្លាសាលាដែលមានសិស្ស និងបុគ្គលិករាប់សិបនាក់ បានជួបជុំគ្នា សម្រាប់សកម្មភាពអក្ខរកម្ម។

សាក្សីដែលបានឃើញហេតុការណ៍នោះ បានរៀបរាប់ពីទិដ្ឋភាពដ៏ច្របូកច្របល់ ដោយមានក្មេងៗ និងគ្រូបង្រៀនម្នាក់ ត្រូវបានរថយន្តបុក ហើយខ្លះទៀតថែមទាំងចូលទៅក្រោមកង់រថយន្ត ដែលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ តាមការធ្វើបច្ចុប្បន្នចុងក្រោយ បានបង្ហាញថា ជនរងគ្រោះចំនួន ៥នាក់ រួមមានគ្រូបង្រៀនម្នាក់ និងសិស្ស ៤នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យទូទៅ (RSUD) ប្រចាំតំបន់ Koja ។
ហើយបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋបាលទីក្រុងហ្សាការតា បានឲ្យដឹងថា ជនរងគ្រោះ ៦នាក់ផ្សេងទៀត កំពុងទទួលបានការថែទាំ នៅឯ RSUD ក្នុងតំបន់ Cilincing ខណៈដែល ១០នាក់ផ្សេងទៀត កំពុងរង់ចាំការវាយតម្លៃបន្ថែមទៀត។ អភិបាលក្រុង លោក Pramono Anung បានទៅសួរសុខទុក្ខជនរងគ្រោះនៅ RSUD ក្នុងតំបន់ Koja ភ្លាមៗ បន្ទាប់ពីមានឧបទ្ទវហេតុនេះ ហើយបានធានាថា រដ្ឋបាលរបស់លោក នឹងរ៉ាប់រងថ្លៃព្យាបាលទាំងអស់៕

