ដើមណូណែលដ៏ស្រស់ស្អាតធ្វើពីដបប្លាស្ទិកដែលគេបោះចោល បានបំភ្លឺភ្លើងនាពេលយប់នៅតាមដងផ្លូវ ក្នុងរដ្ឋធានី Accra របស់ប្រទេសហ្គាណា អំឡុងរដូវកាលវិស្សមកាលនេះ ធ្វើឲ្យទាក់ទាញអ្នកស្រុកឲ្យឈប់ថត ឬថតខ្លួនពួកគេនៅមុខដើមណូអែល ។
ដើមណូអែលនេះ បង្កើតឡើងដោយអ្នកបរិស្ថាន Makafui Awuku វ័យ ៤២ឆ្នាំ ដែលបានដើរប្រមូលកាកសំណល់ប្លាស្ទិកពីដងផ្លូវនៅទីក្រុង Accra និងប្រែក្លាយវាទៅជាដើមណូអែល ចាប់តាំងពីឆ្នាំ ២០១៧រហូតមក ។
លោក Awuku និងក្រុមការងាររបស់លោក បានប្រើដែកផ្សាចោះរន្ធដបប្លាស្ទិក មុនពេលចងវានឹងខ្សែនីឡុងនៅជុំវិញគ្រោងដែកដើមណូអែល ។ ពេលធ្វើរួច ពួកគេលម្អវាជាមួយអំពូលភ្លើង រួចដំឡើងវានៅតាមទីសាធារណៈទូទាំងទីក្រុង ។
លោក Awuku និយាយពេលឈរនៅជិតដើមណូអែលថា ពេលដែលលោកឃើញដើមណូអែលបំភ្លឺនៅពេលយប់ វាពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ ជាពិសេសពេលដែលមនុស្សធ្វើដំណើរឆ្លងកាត់ ពីព្រោះថា វាស្ថិតនៅលើផ្លូវធំ ។
នៅពេលយប់ ពន្លឺដើមណូអែលបានជះលើផ្ទៃមេឃទីក្រុង Accra ដបកែច្នៃឡើងវិញរបស់វា បានធ្វើឲ្យមានការចាប់អារម្មណ៍មួយដែលលោក Awuku សង្ឃឹមថា វានឹងផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋហ្គាណាចំពោះកង្វក់ប្លាស្ទិក ។
លោក Awuku និយាយថា លោកគិតថា តើទីកន្លែងសាធារណៈបែបណាដែលដើមណូអែលលោកធ្វើ អាចធ្វើឲ្យមនុស្សចាប់អារម្មណ៍នឹងកាកសំណល់ប្លាស្ទិកខ្លួនឯងរបស់ពួកគេបាន? ដើមណូអែល គឺជាគម្រោងដ៏គួររំភើបចិត្ត ៕