លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនតំណាងមួយរូបទៅចូលរួមក្នុងកិច្ចពិភាក្សាជាមួយអឺរ៉ុបស្តីពីអ៊ុយក្រែននៅចុងសប្តាហ៍នេះ ប៉ុន្តែបានព្រមានថា លោកមិនចង់ខ្ជះខ្ជាយពេលវេលាច្រើននោះទេ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា ពួកលោកនឹងចូលរួមកិច្ចប្រជុំនៅថ្ងៃសៅរ៍នៅអឺរ៉ុប ប្រសិនបើពួកលោកគិតថាមានឱកាសល្អ។ ហើយពួកលោកមិនចង់ខ្ជះខ្ជាយពេលវេលាច្រើនទេ ប្រសិនបើគិតថាវាអវិជ្ជមាននោះ។

មុននេះបន្តិចនៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឿយហត់នឹងកិច្ចប្រជុំដែលបានត្រឹមតែការជួបគ្នាឥតប្រយោជន៍ ខណៈលោកកាន់តែខកចិត្តជាមួយទាំងអ៊ុយក្រែនទាំងរុស្ស៊ី។
មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការប្រគល់ទឹកដីនៅតែជាចំណុចខ្ទាស់ដ៏សំខាន់មួយក្នុងការចរចា ហើយសហរដ្ឋអាមេរិក បានផ្តល់ជូនដើម្បីបង្កើត “តំបន់សេដ្ឋកិច្ចសេរី” ក្នុងផ្នែកនានាដែលគ្រប់គ្រងដោយអ៊ុយក្រែននៅតំបន់ Donbas ភាគខាងកើត ដែលរុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនប្រគល់មកឱ្យខ្លួន។
លោកថាពួកគេយល់ឃើញថាវាជាការដកទ័ពអ៊ុយក្រែនចេញពីតំបន់ Donetsk ហើយការសម្របសម្រួលនេះត្រូវបានគេសន្មត់ថាកងទ័ពរុស្ស៊ីនឹងមិនចូលទៅក្នុងផ្នែកនៃតំបន់ Donetsk នេះទេ។ ពួកគេមិនដឹងថាអ្នកណានឹងគ្រប់គ្រងទឹកដីនេះទេ ដោយបន្ថែមថារុស្ស៊ីកំពុងសំដៅទៅលើតំបន់នោះថាជា «តំបន់គ្មានយោធា»៕
