កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ ធ្នូ) ថា ប្រជាជនជាង ១២លាននាក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា នឹងប្រឈមភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ២០២៦ ខណៈដែលអំពើហិង្សាកាន់តែអាក្រក់ឡើង បានបង្ខំឱ្យមនុស្សកាន់តែច្រើនរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ទីភ្នាក់ងារនេះបានបន្ថែមថា ចំនួនប្រហែល ១លាននាក់ នៃអ្នកទាំងនោះ នឹងប្រឈមកម្រិតនៃភាពអត់ឃ្លានក្នុងគ្រាអាសន្ន ដែលមានន័យថា ពួកគេនឹងត្រូវការជំនួយគាំទ្រសង្គ្រោះជីវិតជាបន្ទាន់។ លោក Michael Dunford នាយក WFP ប្រចាំមីយ៉ាន់ម៉ា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ជម្លោះ និងការខ្វះខាត កំពុងរួមបញ្ចូលគ្នា និងដកហូតមធ្យោបាយរស់រានមានជីវិតជាមូលដ្ឋានរបស់មនុស្ស ប៉ុន្តែពិភពលោកមិនបានយកចិត្តទុកដាក់នោះទេ”។ លោកព្រមានថា "នេះជាវិបត្តិអត់ឃ្លានដ៏អាក្រក់បំផុតមួយលើភពផែនដី ហើយក៏ជាវិបត្តិមួយដែលមានមូលនិធិតិចបំផុតផងដែរ"។

គួរោ្យដឹងថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិ ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅឆ្នាំ២០២១ និងបានបង្ក្រាបការតវ៉ា ដែលជំរុញឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។ WFP បាននិយាយថា បច្ចុប្បន្ននេះ កុមារ និងម្តាយជាង ៤សែននាក់ ដែលជួបបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ កំពុងរស់រានដោយការទទួលទានតែបាយទទេ ឬទឹកបបរប៉ុណ្ណោះ។
យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញថា ចំនួនជិត ១ភាគ៣ នៃប្រជាជនមីយ៉ាន់ម៉ាសរុបចំនួន ៥១,៣លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌ខ្លាំងបំផុតនៅឆ្នាំក្រោយនេះ៕