មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកសរសើរសមិទ្ធផលដ៏ល្អរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងឆ្នាំ២០២៥ នេះ ដែលរួមមានការបញ្ជូនកងទ័ពទៅប្រតិបត្តិការយោធានៅក្រៅប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រ (១២ ធ្នូ) នេះ។

លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណបក្សដ៏សំខាន់មួយនៅសប្តាហ៍នេះ ដើម្បីធ្វើកំណត់សម្គាល់លើផែនការគោលនយោបាយ និងការអនុវត្តផែនការទាំងនោះ ខណៈកូរ៉េខាងជើង កំពុងរៀបចំកោះប្រជុំសមាជលើកទី៩ នៃគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅដើមឆ្នាំ២០២៦។

KCNA បានរាយការណ៍ថា លោក គីម បានលើកឡើងថា កូរ៉េខាងជើងបានមើលឃើញ "សន្ទុះទៅមុខលឿនជាងមុន និងបង្កើនស្វ័យនិរន្តរភាពទ្វេដង" ក្នុងឆ្នាំ ២០២៥។ KCNA បានលើកឧទាហរណ៍មួយនៃសមិទ្ធផលរបស់ប្រទេសនេះថា "ក្នុង ១ឆ្នាំកន្លងមកនេះ ទាហានជាច្រើននាក់នៃយោធាកូរ៉េខាងជើង បានចូលរួមក្នុងប្រតិបត្តិការយោធាក្រៅប្រទេស ដើម្បីបង្ហាញពីកេរ្តិ៍ឈ្មោះរបស់យោធាកូរ៉េខាងជើង"។

គួរបញ្ជាក់ថា លោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក ហើយកូរ៉េខាងជើង បានបញ្ជូនទាហាន គ្រាប់កាំភ្លើងធំ និងមីស៊ីលទៅកាន់រុស្ស៊ី ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន៕