អ្នកនាំពាក្យរងរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) មានការព្រួយបារម្ភអំពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសវ៉េណេស៊ុយអេឡា។

លោក Farhan Haq ដែលជាអ្នកនាំពាក្យរង បាននិយាយក្នុងឆ្លើយតបទៅនឹងសំណួរមួយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ «មានការព្រួយបារម្ភអំពីភាពតានតឹងកាន់តែខ្លាំងឡើងទាក់ទងនឹងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា ហើយលោកកាន់តែបារម្ភចំពោះការវិវត្តចុងក្រោយនេះ»។

លោកបានថ្លែងថា៖«យើងកំពុងអំពាវនាវដល់តួអង្គទាំងអស់ឲ្យជៀសវាងសកម្មភាព ដែលអាចធ្វើឲ្យភាពតានតឹងទ្វេភាគីកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឲ្យវ៉េណេស៊ុយអេឡា និងតំបន់មានអស្ថិរភាព» ដោយបន្ថែមថា អង្គការសហប្រជាជាតិជំរុញឲ្យគ្រប់ភាគីទាំងអស់គោរពកាតព្វកិច្ចរបស់ពួកគេ ក្រោមធម្មនុញ្ញរបស់UN និងច្បាប់អន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិកបានរក្សាវត្តមានយោធាដ៏សំខាន់មួយ នៅក្នុងតំបន់ការ៉ាអ៊ីប ដែលភាគច្រើននៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ដែលត្រូវបានគេអះអាងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ជាការអះអាងដែលវ៉េណេស៊ុយអេឡាបានចោទថា ជាការប៉ុនប៉ងដែលមានចេតនា ដើម្បីនាំឲ្យមានការផ្លាស់ប្តូររបបនៅទីក្រុងការ៉ាកាស៕