យោងតាមសេចក្ដីជូនដំណឹងរបស់តុលាការក្រុងហុងកុង នៅថ្ងៃសុក្រ (១២ ធ្នូ) នេះបានឱ្យដឹងថា តុលាការជាន់ខ្ពស់របស់ទីក្រុងនេះ នឹងប្រកាសសាលក្រមប្រឆាំងនឹងលោក Jimmy Lai ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយ ក្នុងការកាត់ក្តីសន្តិសុខជាតិដ៏សំខាន់មួយ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។

លោក Lai វ័យ ៧៨ឆ្នាំ ដែលជាអតីតមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ បានបង្កើតកាសែត Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលឥឡូវនេះ ស្ថាប័ននោះត្រូវបិទទ្វារទៅហើយ។ លោកបានផ្ដល់ចម្លើយពីភាពគ្មានទោស ចំពោះបទចោទ ២ករណី ពោលគឺបទឃុបឃិតគ្នាជាមួយកងកម្លាំងបរទេស និងបទចោទឃុបឃិតគ្នាដើម្បីបោះពុម្ពផ្សាយសម្ភារៈញុះញង់ឱ្យបះបោរ នៅក្នុងសំណុំរឿងមួយដែលលោកប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការចេញសាលក្រមមានទោស។
ការជំនុំជម្រះរយៈពេល ១៥៦ថ្ងៃនេះ ដែលបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៣ បានទាក់ទាញការត្រួតពិនិត្យពីអន្តរជាតិ។ ក្រុមគ្រួសារ និងមេធាវីរបស់លោក Lai បាននិយាយថា សុខភាពរបស់មហាសេដ្ឋីរូបនេះកំពុងតែយ៉ាប់យ៉ឺន ហើយលោកកំពុងមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ក៏ដូចជាចង្វាក់បេះដូងលោតញាប់ខុសធម្មតា ដែលត្រូវការឱសថជាប្រចាំ។
យោងតាមក្រុមគ្រួសារ និងក្រុមសិទ្ធិមនុស្ស បាននិយាយថា លោក Lai ត្រូវបានឃុំខ្លួននៅក្នុងបន្ទប់តែម្នាក់ឯងអស់រយៈពេលជាង ១៨០០ថ្ងៃ មកហើយ។ រដ្ឋាភិបាលប្រទេសចិន និងទីក្រុងហុងកុង និយាយថា លោក Lai កំពុងទទួលបាននូវដំណើរការកាត់ក្តីដ៏យុត្តិធម៌បំផុត៕

