ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា លោកកំពុងតាមដាន «យ៉ាងជិតដិត» ចំពោះការចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តមាន ដោយបន្ថែមថា ទីក្រុងអង់ការ៉ាអាចធ្វើជាម្ចាស់ផ្ទះនៃដំណើរការនេះ ក្នុងអំឡុងពេលមានកិច្ចប្រជុំ រវាងលោក និងសមភាគីរុស្ស៊ី លោក Vladimir Putin។ នេះបើយោងតាមអគ្គនាយកដ្ឋានទំនាក់ទំនងរបស់ទួរគីដែលបានប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រ (ទី១២ ខែធ្នូ)។
លោក Erdogan និងលោក Putin បានជួបប្រជុំគ្នានៅខាងក្រៅវេទិកាសន្តិភាព និងទំនុកចិត្តអន្តរជាតិ នៅរដ្ឋធានី Ashgabat របស់ប្រទេសតួកម៉េនីស្ថាន ហើយបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចប្រឹងប្រែងសន្តិភាពគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងសង្គ្រាមទីក្រុងមូស្គូ-គីវ។

លោក Erdogan បានលើកឡើងថា កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាម ដែលមាន «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង គឺមានតម្លៃណាស់» ដោយលោកបានកត់សម្គាល់ថា វឌ្ឍនភាពអាចសម្រេចបានតាមរបៀបវារៈជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ភាគីទាំង២។
ជាមួយគ្នានេះ លោកបានកត់សម្គាល់ទៀតថា ការអនុវត្តបទឈប់បាញ់មានកម្រិត ដែលផ្តោតជាចម្បងទៅលើទីតាំងថាមពល និងកំពង់ផែ អាចផ្ដល់ភាពវិជ្ជមាន។ ហើយលោក Erdogan បានរំលឹកឡើងវិញនូវការគាំទ្ររបស់ទីក្រុងអង់ការ៉ា ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
បើយោងតាមអគ្គនាយកដ្ឋានទំនាក់ទំនង បានឲ្យដឹងបន្ថែម មេដឹកនាំទួរគីបានសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ា កំពុង «តាមដានដំណើរការចរចាដែលមានបំណងបញ្ចប់សង្រ្គាម» និង «ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាគ្រប់ទម្រង់ ក្នុងក្របខ័ណ្ឌនេះ»៕
