ក្រុមអ្នកជួយសង្គ្រោះ នៅថ្ងៃសៅរ៍ (ទី១៣ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ទឹកជំនន់ និងបណាក់ដីដ៏បំផ្លិចបំផ្លាញ បានឆក់យកជីវិតមនុស្ស ១.០០៣នាក់យ៉ាងតិច នៅឥណ្ឌូនេស៊ី ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងជួបការលំបាក ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
អំឡុងពេលបង្ហាញចំនួនអ្នកស្លាប់ចុងក្រោយបង្អស់របស់ខ្លួន ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឲ្យដឹងទៀតថា គ្រោះមហន្តរាយដែលបានកើតមាននៅលើកោះស៊ូម៉ាត្រាភាគពាយព្យ កាលពី ២សប្តាហ៍កន្លងទៅ ក៏បានបណ្ដាលឲ្យមនុស្សជាង ៥.៤០០នាក់រងរបួសផងដែរ។
ភ្លៀងធ្លាក់យ៉ាងខ្លាំង គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានកើតឡើងនៅកោះស៊ូម៉ាត្រា ជាទីដែលរលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញក្នុងឆ្នាំ២០០៤ ក្នុងខេត្ត Aceh ដែលស្ថិតនៅភាគខាងជើងនៃកោះនេះ។

ចំនួនអ្នកស្លាប់ចុងក្រោយ ត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយទីភ្នាក់ងារគ្រោះមហន្តរាយ បានរាយការណ៍ថា មនុស្ស ២១៨នាក់នៅតែបាត់ខ្លួន។ ដោយតំបន់រងគ្រោះមានទំហំធំល្វឹងល្វើយ ប្រជាជន ១,២លាននាក់ ត្រូវបានបង្ខំជ្រកកោននៅក្នុងជម្រកសុវត្ថិភាពបណ្តោះអាសន្ន។
ការខកចិត្តបានកើនឡើង ក្នុងចំណោមជនរងគ្រោះដោយសារទឹកជំនន់នេះ ដោយបានត្អូញត្អែរ អំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលធ្វើឡើងក្នុងល្បឿនយឺត។ តែយ៉ាងណាក្ដី លោកប្រធានាធិបតី Prabowo Subianto បាននិយាយនៅថ្ងៃសៅរ៍នេះថា ស្ថានភាពបានប្រសើរឡើងហើយ ដោយតំបន់ជាច្រើនដែលត្រូវបានកាត់ផ្តាច់ ឥឡូវនេះ អាចចូលទៅដល់បានហើយ៕

