លោក Mojtaba Ghahremani គឺជាប្រធានតុលាការខេត្ត Hormozgan និយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងបរទេសមួយគ្រឿងដឹកប្រេងរត់ពន្ធជាង ៦លានលីត្រ នៅសមុទ្រអូម៉ង់ ។

លោក Ghahremani និយាយថា នាវាដែលត្រូវបានស្កាត់ចាប់កាលពីថ្ងៃព្រហស្បតិ៍នេះ មានសមាជិកនាវិក ១៨នាក់ មកពីឥណ្ឌាស្រីលង្កា និងបង់ក្លាដែស ។
យោងតាមសេចក្តីរាយការណ៍សារព័ត៌មាន បានឲ្យដឹងថា អ៊ីរ៉ង់ បានឃាត់ខ្លួនសមាជិកនាវិកទាំងអស់នោះ ។

លោក Ghahremani បានបញ្ជាក់ទៀតថា នាវាមួយគ្រឿងនេះ ពុំមានឯកសារណាមួយនោះទេ ឬប្រវត្តិពាក់ព័ន្ធនឹងទំនិញរបស់ខ្លួន ឬការធ្វើដំណើរតាមសមុទ្រ ហើយពួកគេបានបិទប្រព័ន្ធនាវាចរណ៍ និងប្រព័ន្ធបង្ហាញទីតាំង ។
អ៊ីរ៉ង់ដែលមានតម្លៃប្រេងទាបបំផុតមួយចំនួនរបស់ពិភពលោកនោះ បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធប្រេងតាមជើងគោកទៅកាន់ប្រទេសជិតខាង និងតាមសមុទ្រទៅកាន់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ ៕