ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា បានសម្លាប់មនុស្ស ៤នាក់ និងមនុស្ស ៦នាក់ផ្សេងទៀត រងរបួស ។
យោងតាមការអះអាងរបស់មន្រ្តីការពារជាតិអ៊ីស្រាអែល និងសារព័ត៌មានអ៊ីស្រាអែល បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែល បានវាយប្រហាររថយន្តមួយគ្រឿងនៅទីក្រុងហ្កាហ្សាដឹកមេបញ្ជាការក្រុមហាម៉ាសលោក Raed Saed ដែលស្ថិតក្នុងចំណោមស្ថាបនិកបើកការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

យោធាអ៊ីស្រាអែលនិយាយថា ពួកគេមានគោលដៅលើមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសនៅទីក្រុងហ្កាហ្សា ដោយពុំបានផ្តល់ឈ្មោះ ឬសេចក្តីលម្អិតបន្ថែមនោះទេ ។
បើសិនជាលោក Saed ត្រូវបានសម្លាប់ពិតមែន វានឹងក្លាយជាការធ្វើឃាតមន្រ្តីជាន់ខ្ពស់របស់ក្រុមហាម៉ាស ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមានកាលពីខែតុលា ។
សូមបញ្ជាក់ថា សង្រ្គាមហ្កាហ្សា បានចាប់ផ្តើម ក្រោយក្រុមជីវពលហាម៉ាស សម្លាប់មនុស្ស ១.២០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល និងចាប់ចំណាប់ថ្នូរ ២៥១នាក់ នៅក្នុងការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីឆ្នាំ ២០២៣ ។
ក្រុមមន្រ្តីសុខភាពនៅតំបន់ហ្កាហ្សា និយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៧០.៧០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ៕
