មន្ត្រីអាល្លឺម៉ង់មួយរូបបាននិយាយកាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) ថា ទីក្រុងប៊ែរឡាំង នឹងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅចុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអឺរ៉ុប និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅទីក្រុងប៊ែរឡាំង នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ស្អែកនេះ។
មន្ត្រីអាមេរិកមួយរូបបាននិយាយថា ប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner កំពុងធ្វើដំណើរទៅអាល្លឺម៉ង់ ដើម្បីពិភាក្សាជាមួយភាគីអ៊ុយក្រែន និងអឺរ៉ុប។ ជម្រើសក្នុងការបញ្ជូនលោក Witkoff — ដែលដឹកនាំកិច្ចចរចាជាមួយអ៊ុយក្រែននិងរុស្ស៊ី ទាក់ទងនឹងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក — ហាក់ជាសញ្ញាមួយថា ទីក្រុងវ៉ាស៊ីនតោន មើលឃើញឱកាសនៃវឌ្ឍនភាព បន្ទាប់ពីសង្គ្រាមជិត ៤ឆ្នាំ។

ប្រភពព័ត៌មានរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយ នៅពេលត្រូវសាកសួរពីកិច្ចប្រជុំនោះថា «ការចរចាលើលទ្ធភាពនៃបទឈប់បាញ់ នៅអ៊ុយក្រែន កំពុងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ចុងសប្តាហ៍នេះ រវាងទីប្រឹក្សាគោលនយោបាយការបរទេសមកពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន»។
នៅថ្ងៃចន្ទស្អែកនេះ អាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Zelenskyy និងមេដឹកនាំអឺរ៉ុបផ្សេងទៀត សម្រាប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងប៊ែរឡាំង ដើម្បីបង្ហាញការគាំទ្រជាសាធារណៈចុងក្រោយបំផុតពីសម្ព័ន្ធមិត្តទូទាំងអឺរ៉ុប ខណៈទីក្រុងគីវ ប្រឈមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឱ្យចុះហត្ថលេខាលើផែនការសន្តិភាព ដែលដំបូងឡើយគាំទ្រដល់ការទាមទារសំខាន់ៗរបស់ទីក្រុងមូស្គូ៕

