អាជ្ញាធរសុខាភិបាលនៅដែនដីហ្កាហ្សា និងក្រុមការពារស៊ីវិល បាននិយាយថា ស្ថានភាពអាកាសធាតុយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានថ្ងៃកន្លងមក នៅក្នុងតំបន់ប៉ាឡេស្ទីនមួយនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់ រួមទាំងកុមារ ៣ នាក់។
ជាមួយគ្នានេះ ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) ថា មនុស្សយ៉ាងតិច ១០នាក់ នៅតំបន់ហ្កាហ្សា បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងក្លា ខណៈក្រុមគ្រួសារប៉ាឡេស្ទីនរាប់ពាន់ ដែលភៀសខ្លួន បន្តជ្រកកោនក្នុងតង់ដែលជន់លិច ក្រោមលក្ខខណ្ឌអាកាសធាតុរដូវរងាដ៏អាក្រក់។

ក្នុងពីរឆ្នាំកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនជាច្រើន គ្មានជម្រើសអ្វីក្រៅពីរស់នៅក្នុងតង់ និងជម្រកបណ្ដោះអាសន្ន ក្នុងអំឡុងពេលសង្គ្រាមដ៏បង្ហូរឈាម ដែលបានកម្ទេចភាគច្រើននៃតំបន់ហ៊ុមព័ទ្ធ។ អង្គការជំនួយ Oxfam បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា តង់ជាច្រើនបានជន់លិចដោយជំនន់ទឹកភ្លៀង ហើយប្រជាជនប៉ាឡេស្ទីន ជួបការលំបាកដោយគ្មានជម្រកត្រឹមត្រូវ។
អ្នកស្រុកហ្កាហ្សា បានអង្វរកសុំជំនួយ ខណៈអាកាសធាតុត្រជាក់ និងភ្លៀងឥតឈប់ឈរ បានបំផ្លាញជម្រកបណ្ដោះអាសន្នរបស់ពួកគេ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តង់ជាង ២៧.០០០សម្រាប់ ត្រូវបានបំផ្លិចបំផ្លាញក្នុងព្យុះ និងលិចលង់ក្នុងជំនន់ទឹកភ្លៀង៕



