រុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបំផ្លាញសហគ្រាសយោធា-ឧស្សាហកម្មអ៊ុយក្រែន ជាច្រើនទីតាំង ខណៈអ៊ុយក្រែន នៅថ្ងៃដដែលនោះ បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ដោយសារការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចន្លោះពីយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃសៅរ៍ កន្លងទៅ កងកម្លាំងរុស្ស៊ី បានវាយប្រហារសហគ្រាសឧស្សាហកម្មយោធាអ៊ុយក្រែនជាច្រើន និងប្រព័ន្ធថាមពលដែលទាក់ទងនឹងប្រតិបត្តិការយោធា។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយលើបណ្តាញសង្គមថា ចាប់ពីយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃសៅរ៍ រុស្ស៊ី បើកការវាយប្រហារតាមអាកាសជុំថ្មីលើអ៊ុយក្រែន ដោយប្រើយានដ្រូនជាង ៤៥០គ្រឿង និងមីស៊ីល ៣០គ្រាប់ ជាចម្បងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយទូទាំងប្រទេសអ៊ុយក្រែន។
នៅថ្ងៃសៅរ៍ផងដែរ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថា ស្ថានភាពនៅលើសមរភូមិទិស Pokrovsk (ដែលរុស្ស៊ី ហៅថាក្រុង Krasnoarmeysk ) នៅតែស្មុគស្មាញ និងតានតឹងខ្លាំង ខណៈកងកម្លាំងរុស្ស៊ី បន្តបង្កើនសម្ពាធលើខ្សែការពាររបស់អ៊ុយក្រែន៕

