ក្រុមអាជ្ញាធរអាល្លឺម៉ង់បានចាប់ខ្លួនបុរស៥នាក់ សង្ស័យថាជាពួកឥស្លាមជ្រុលនិយមដែលគ្រោងវាយប្រហារផ្សារបុណ្យណូអែលមួយកន្លែងនៅរដ្ឋ បាវ៉ារៀ (Bavaria) ភាគខាងត្បូងប្រទេស នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់កងកងកម្លាំងនគរបាល និងក្រុមរដ្ឋអាជ្ញា។

មានការវាយប្រហារដោយការបើករថយន្តបំបុកចូលហ្វូងមនុស្សជាបន្តបន្ទាប់នៅក្នុងប្រទេសអាល្លឺម៉ង់ចាប់តាំងពីឥស្លាមជ្រុលនិយមម្នាក់ បានបើករថយន្តដឹកទំនិញមួយគ្រឿងបំបុកចូលក្នុងផ្សារបុណ្យណូអែលមួយកន្លែងនៅកណ្តាលទីក្រុងប៊ែរឡាំងក្នុងឆ្នាំ២០១៦។
កាលពីខែធ្នូឆ្នាំមុន មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ដោយការវាយប្រហារមួយនៅទីក្រុង Magdeburg។
ជនជាតិម៉ារ៉ុកបីនាក់ដែលមានអាយុ ២២ឆ្នាំ ២៨ឆ្នាំ និង៣០ ឆ្នាំ ជនជាតិអេហ្ស៊ីបម្នាក់ដែលមានអាយុ ៥៦ ឆ្នាំ និងជនជាតិស៊ីរីម្នាក់ មានអាយុ ៣៧ ឆ្នាំត្រូវបានឃុំខ្លួនកាលពីថ្ងៃសុក្រនៅច្រកព្រំដែន Suben រវាងអាល្លឺម៉ង់ និងអូទ្រីស នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយកាលពីចុងសប្ដាហ៍នេះ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតជឿថាបុរសទាំងនោះមានបំណងបើករថយន្តបំបុកចូលទៅក្នុងផ្សារ ដែលមានមនុស្សច្រើនកុះករនៅក្នុងតំបន់ Dingolfing-Landau ដោយមានគោលបំណងសម្លាប់ ឬធ្វើឱ្យមនុស្សរងរបួសឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយបន្ថែមថាក្រុមអាជ្ញាធរសង្ស័យថាជាចេតនារបស់ក្រុមឥស្លាមជ្រុលនិយម៕

