នាយកដ្ឋាននគរបាលក្រុង Los Angeles របស់សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (១៤ ធ្នូ) ថា មនុស្ស ២នាក់ ត្រូវរកឃើញថាបានស្លាប់ នៅឯលំនៅឋានរបស់តារាសម្តែង និងជាអ្នកដឹកនាំរឿងហូលីវូដដ៏ល្បីល្បាញ ឈ្មោះលោក Rob Reiner ក្នុងទីក្រុង Los Angeles រដ្ឋ California ដោយមន្ត្រីសមត្ថកិច្ចកំពុងស៊ើបអង្កេតហេតុការណ៍នេះ នៅក្នុងអ្វីដែលអាចជា "ករណីឃាតកម្ម"។

នគរបាលបញ្ជាក់ថា អ្នកស្លាប់ទីមួយជាលោក Reiner វ័យ ៧៨ឆ្នាំ និងទីពីរជាភរិយារបស់លោកវ័យ ៦៨ឆ្នាំ ហើយសាកសពត្រូវរកឃើញក្នុងលំនៅឋានមួយភាគខាងលិចទីក្រុងនេះ ប៉ុន្តែមិនលម្អិតបន្ថែមទេ ខណៈគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ជនរងគ្រោះទាំងពីរ មានរបួសចាក់នឹងកាំបិត។
លោក Reiner វ័យ ៧៨ឆ្នាំ បានសម្តែងក្នុងភាពយន្តកំប្លែងរបស់ទូរទស្សន៍ CBS ដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងបានដឹកនាំខ្សែភាពយន្តហូលីវូដល្បីៗជាច្រើន ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កូនស្រីរបស់ប្តីប្រពន្ធមួយគូនេះ បាននៅកន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យ ដែលអាចជាបងប្រុសរបស់នាង បានចាកចេញពីទីនោះ មុនពេលនគរបាលទៅដល់។ ប្រភពជាច្រើនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កូនប្រុសរបស់ប្តីប្រពន្ធមួយគូនេះ ឈ្មោះថា Nick ជាអ្នកសម្លាប់ឪពុកម្តាយរបស់គេ។ យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ជាផ្លូវការលើឧប្បត្តិហេតុនេះឡើយ៕